ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគ ទូទាំងប្រទេស បានធ្វើការណែនាំគណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិរបស់ក្រសួង ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យមានភាពរលូន និងមានតម្លាភាព។
ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ គណៈមេប្រយោគប្រចាំ រាជធានីភ្នំពេញ សម្រាប់ការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៨ តុលា ២០២៤ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, តំណាងអង្គភាពប្រឆាំង អំពើពុករលួយ (ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រមាណ ២៩៧នាក់។
កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគ ទាំងអស់ សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ ដើម្បីធានាបានថា ការប្រឡងដំណើរការ ដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឱ្យមានភាពរលូន និងមានតម្លាភាព ដោយគូសបញ្ជាក់ អំពីតួនាទី របស់ប្រធាន និង អនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង និង តួនាទីរបស់គណៈមេប្រយោគ ប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានា អំពីដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា។
ទន្ទឹមនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងជួយគាំទ្រ ដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកជំរុញ ឱ្យដំណើរការ នៃកំណែទម្រង់ក្នុងវិស័យអប់រំឱ្យទទួលបានជោគជ័យ ក៏ដូចជាបានកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមក្នុងការអនុវត្តកំណែទម្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជំរុញ ឱ្យការប្រឡងដំណើរ ការទៅបានដោយរលូនតាមការគ្រោងទុក។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាព សម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និង បេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាង ស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលសហការ និង ផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅ ចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំ ដែលត្រៀមចូលរួមក្នុងការប្រឡង។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ៖ ៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕