ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

ភ្នំពេញ​ ៖​ ប្រទេសកម្ពុជា​ គឺជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការ នូវការនៅវិមាន​ Grand Palais ទីក្រុងប៉ារីស ដោយមានការទះដៃអបអរសាទរ យ៉ាងកងរំពង ពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស​ បានឱ្យដឹងថា បន្ទាប់ពីការប្រកាស ក៏មានការចាក់បញ្ចាំងវីដេអូ ស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ជាចលករ មួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នា ប្រកបដោយសុខដុមរមនា។

ជាកិច្ចបន្ដ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថា បិទកិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើរ របស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថា ដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្រ បេក្ខភាពរបស់កម្ពុជា។

ព្រះអង្គក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុង នាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។

សូមបញ្ជាក់ថា អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។
ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុង នាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់ កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី ៕

To Top