ព័ត៌មានជាតិ

ព្រះមហាក្សត្រ មានព្រះរាជបន្ទូល បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាឱកាសដ៏ពិសេស សម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយ ដ៏សប្បាយរីករាយ។

នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដោយបានចេញមកបញ្ជាក់ជាផ្លូវការថា “កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦”។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការនូវការនៅវិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល។

បន្ទាប់ពីការប្រកាស ក៏មានការចាក់បញ្ចាំង វីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកប ដោយសុខដុមរមនា។

ជាកិច្ចបន្ដ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថា បិទកិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជកិត្តិយសទទួល ឱ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើរ របស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្រ បេក្ខភាពរបស់កម្ពុជា។

ព្រះអង្គ ក៏មានព្រះរាជបន្ទូលគូស បញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុង នាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយ សម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។

សូមបញ្ជាក់ថា អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។
ប្រទេសកម្ពុជាបានក្លាយជាសមាជិក ក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់ កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិក ពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី ៕

To Top