ព័ត៌មានជាតិ

សម្តេចតេជោ ចំណាយពេល ១២ឆ្នាំ ទើបសម្រេចក្តីសុបិន ក្នុងការដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយរឿងមួយថា បានចំណាយពេល ១២ឆ្នាំទើបសម្រេច ក្តីសុបិនក្នុងការដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោមនៅថ្ងៃ៤ វិច្ឆិកាខាងមុខ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ តុលា សម្តេចតេជោបានរៀបរាប់ថា សម្តេចកិត្តិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា តែជាអកុសលឪពុករបស់ សម្តេចបានទទួលមរណភាពនៅឆ្នាំ២០១៣ ដែលសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើ ង គឺម្តាយក្មេករបស់សម្តេចមានជំងឺ និងមរណភាព នៅឆ្នាំ២០២០ ក៏សម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។

សម្តេចតេជោបន្តថា «ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែ អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់»។

ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។

ក្នុងឱកាសនេះដែរ សម្តេចតេជោក៏បានអំពាវនាវ ឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ទៅលេងបុណ្យកឋិនទាន នេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្ល ងដែនប្រទេស។

សម្តេចបញ្ជាក់ទៀតថា “ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះផងដែរ”។

បើតាមសម្តេចតេជោ អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ដែលមានសម្តេចនិងភរិយា ចូលរួមដោយផ្ទាល់៕

To Top