កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិពណ៌ប្រពន្ធតន្ត្រីខ្នាតធំ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីខាងលើ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ។
លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ រយ:ពេល ១ថ្ងៃ នូវព្រឹត្តិការណ៍ជាច្រើន ដើម្បីបង្ករភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា វិធីប្រណាំងទូក «ង» និងទូកអន្តរជាតិ ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ បណ្ដែតប្រទីប និងអុជកាំជ្រួចជាដើម ។
បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងពិធីប្រណាំងទូក ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ ដែលក្រៀមចូលរួមប្រណាំង មានសរុប ៥០ទូក មកពី ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ។ ក្នុងនោះទូកខ្នាតអន្តរជាតិមាន ៣១ ទូក និងទូក «ង» ខ្នាតវែងមាន ១៩ទូក និងមានកីឡាករ កីឡាការិនី សរុបជាង ២,០០០ នាក់ ចូលរួមប្រកួតប្រជែង និងកីឡាករបម្រុងជាង ៤០០ នាក់ផងដែរ ៕