ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំ គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ។
លោកបានលើកឡើងថា «ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅបានរលូនល្អ និងមានតម្លាភាព ខ្ញុំសូមណែនាំដល់ ក្រុមការងារគណៈកម្មាការមេប្រយោគប្រចាំការ និងបុគ្គលិកអប់រំដែលពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹង ការអនុវត្តគោលការណ៍ បទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ឱ្យបានខ្ជាប់ខ្ជួន ដោយគូសបញ្ជាក់ អំពីភារកិច្ច តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយ គណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ ដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ ដូចជាបញ្ហាភ្លៀងធ្លាក់ ដោយរៀបចំយន្តការការពារ ឱ្យបានច្បាស់លាស់ និងមានការប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរ»។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងដំណើរការសំណេរ ត្រូវមានគណៈកម្មការប្រចាំការ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់ និងចាំបាច់ ក៏ដូចជាទទួលរបាយការណ៍ អំពីដំណើរការនៃការប្រឡងនៅមុនបញ្ចប់វិញ្ញាសាសរសេរទាំងពេលព្រឹក និងពេលរសៀល សហការជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បាតុភាព មិនប្រក្រតី សម្របសម្រួលជាមួយកម្លាំងសន្តិសុខតាមមណ្ឌល តាមរាជធានី-ខេត្ត ផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖“តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលសហការ ផ្តល់ការទំនុកបម្រុងគាំទ្រ យ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំទាំងអស់ ដែលចូលរួមក្នុង ដំណើរការ នៃការរៀបចំការប្រឡង ក៏ដូចជាក្រុមការងារត្រៀមចូលរួមក្នុងការប្រឡង និងសូមជូនពរឱ្យបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ថ្ងៃស្អែកនេះ ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសដែលខ្លួនចង់បាន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀន សូត្រកន្លងទៅ និងឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ឈោងចាប់ជំនាញ និងការងារក្នុងក្តីស្រមៃដែលខ្លួនប្រាថ្នា”៕