ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញ ដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ។
![](https://dap-news.com/wp-content/uploads/2024/10/FB_IMG_1728112723090-1-1024x768.jpg)
បើតាមលោករដ្ឋលេខាធិការ គិតត្រឹមដើម ខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជន ចុះឈ្មោះចូលសិក្សាជំនាញ សរុបចំនួន៨០,៥៩៤នាក់ (ស្រីចំនួន៣២,០៥៩នាក់) ។ ក្នុងចំណោមសិស្ស ដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្ស បានបញ្ចប់ការសិក្សា សរុបចំនួនជាង១មុឺននាក់ ។ យុវជនសិក្សាជំនាញ របស់រាជរដ្ឋាភិបាល ទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជន នានាក្រោមកិច្ចសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
![](https://dap-news.com/wp-content/uploads/2024/10/FB_IMG_1728112810343-1-1024x478.jpg)
លោករដ្ឋលេខាធិការបន្ថែមថា ចាប់តាំងពីបានដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារ ក៏បានចុះផ្សព្វផ្សាយ ផ្ទាល់ ទៅដល់មូលដ្ឋាន ប្រជាពលរដ្ឋធ្វើយ៉ាងណាកៀរគរ យុវជន គោលដៅមកចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និង បច្ចេកទេសនេះឱ្យបានកាន់តែច្រើន ។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241005_142227_251-1024x683.jpg)
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ នេះផងដែរ ។
![](https://dap-news.com/wp-content/uploads/2024/10/FB_IMG_1728112866059-1-1024x768.jpg)
លោករដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការ នៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241005_142226_877-3-1024x683.jpg)
លោកបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។
![](https://dap-news.com/wp-content/uploads/2024/10/FB_IMG_1728112615328-1-1024x768.jpg)
សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241005_142227_496-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241007_151619_536-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/10/IMG_20241007_151620_284-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)