ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ប្រឡងបាក់ឌុបឆ្នាំក្រោយ នឹងធ្វើនៅខែសីហា ដើម្បីផ្តល់ ឱកាសឱ្យសិស្ស បានរៀននៅបរទេស និងមិនរង់ការលិចទឹក

ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួង នឹងរុញសម័យប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅថា ប្រឡងបាក់ឌុប នៅឆ្នាំក្រោយៗ នៅខែសីហា វិញ ដើម្បីធ្វើយ៉ាងណា កុំឲ្យមានការរង អាកាសធាតុមានភ្លៀង និងលិចទឹកនៅមណ្ឌលប្រឡងមួយចំនួន ពិសេសនោះ ឱ្យសិស្សមានឱកាសទៅរៀន ឬទទួលអាហារូបករណ៍ ទៅរៀននៅបរទេស។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ តុលា នេះ។

លោកឧបនាយករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានថ្លែងឱ្យដឹងថា មូលហេតុដែលក្រសួងសម្រេច យកការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកដើមខែតុលា វិញ គឺដោយសារតែចង់បង្ខិតការប្រឡងសញ្ញាបត្របាក់ឌុបនេះ ឱ្យមកដូចដើមវិញ ព្រោះថា កាលពីមុនការប្រឡងប្រព្រឹត្តិទៅ នៅខែសីហា ពោលនៅពេលមុនជំងឺកូវិដី១៩ បានវាយប្រហាមកលើកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ពេលខ្លះយើងរុញការប្រឡងនេះមកខែមករា ឬខែធ្នូ អីញ្ចឹងយើងចង់ បង្ខិតវាមកដល់ខែសីហា ។ ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកដែលប្រឡងហើយគាត់មានឱកាស ក្នុងការដាក់ពាក្យ ទៅរៀននៅបរទេសឬទទួលអាហាររូបករណ៍នៅបរទេស ព្រោះថា នៅប្រទេសគេចប់វិសមកាលនៅខែកញ្ញា អីញ្ចឹងនៅឆ្នាំនេះ យើងរុញមកខែតុលា ហើយឆ្នាំខាងមុខ យើងនឹងរុញការប្រឡងបាក់ឌុបនេះទៅដល់ខែសីហា ដូច្នេះនៅខែសីហា វានឹងមិនមានការប្រឈមនឹងមានភ្លៀង ឬការលិចទឹកនោះទេ»។

លោករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ការកំណត់ខែតុលា សម្រាប់ការប្រឡងបាក់ឌុបនេះដែរ ក្រសួង ក៏បានដឹងដែរនឹង មានការប៉ះពាល់ដោយសារទឹកលិច ដូចជា នៅខេត្តកំពង់ចាម ខេត្តសៀមរាប ប៉ុន្តែអាចធ្វើការដោះដូរមណ្ឌលប្រឡងបាន ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏មានមណ្ឌលមួយចំនួនទឹកលិចដែរ តែត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានដោះស្រាយធ្វើឱ្យ ដំណើរការប្រឡងបាន ។

លោករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា នៅវិទ្យាល័យចំនួន៣ ក្នុងរាជធានីភ្នំពេញ មានមណ្ឌលប្រឡងលិច ប៉ុន្តែត្រូវបានដោះស្រាយដោយបាន កំណើរការប្រឡងធម្មតា ៕

To Top