ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានគេហទំព័រសារព័ត៌មានបរទេសមួយ បានសរសេរ ក្នុងចេតនាមិនល្អ និងបានចោទប្រកាន់កម្ពុជាថា ចាប់ផ្តើមលាក់ អត្តសញ្ញាណជនបរទេស ដែលទិញលិខិតឆ្លងដែន តាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ដែលជាទង្វើមួយបំផ្លាញ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយក្រុមឧក្រិដ្ឋកម្ម ។
ជុំវិញការលើកឡើងខាងលើ រួមទាំងចំណុចមួយចំនួនទៀត នៅក្នុងអត្ថបទរបស់គេហទំព័រនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នេះគឺជាចេតនាទាំងស្រុង មូលបង្កាច់ ដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទ នៃការបំពេញភារកិច្ច របស់រដ្ឋអធិបតេយ្យឯករាជ្យមួយ ។
ក្នុងន័យនេះ លោកបណ្ឌិត សង្កត់ធ្ងន់ ចំនួន៣ ចំណុច ទី១ នេះគឺជារបាយការណ៍ឬក៏ជាប្រធានបទបែបរករឿងអុចអាល ដែលដើរបញ្ច្រាស់ពីច្បាប់អន្តរជាតិ ក្នុងន័យ រើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ ទី២ គ្មានច្បាប់ជាតិ-អន្តរជាតិណា ចែងជាកាតព្វកិច្ច ឬតម្រូវឱ្យរដ្ឋនីមួយៗ ត្រូវតែផ្សព្វផ្សាយនូវព័ត៌មាននេះ ឬព័ត៌មាននោះឡើយ ទី៣ ការផ្សព្វផ្សាយ រាល់ព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ជាពិសេសជាសិទ្ធិអត្តនោម័តរបស់រដ្ឋ។
ចំពោះការផ្តល់សញ្ជាតិវិញ លោកបណ្ឌិត បានបញ្ជាក់ថា ដោយអនុវត្ត ទៅតាមនីតិវិធី គឺគោរពទៅតាមច្បាប់ សញ្ជាតិយ៉ាងតឹងរឹង និងគោលការណ៍ទូទៅ របស់ច្បាប់អន្តរជាតិ ។ អ្វីៗទាំងអស់មិនមែនចេះតែធ្វើទៅ តាមការនឹកឃើញនោះទេ គឺតម្កល់ភាពប្រាកដ ប្រជាច្បាស់លាស់ និងជាការសម្រេច ដោយអត្តនោម័ត ដោយមិនចាំបាច់សុំយោបល់ពីភាគីណាមួយនោះឡើយ សំខាន់ គឺអនុវត្តទៅតាមគោល ការណ៍ច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ ។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះជនបរទេស ដែលអាចចូលសញ្ជាតិខ្មែរ បានគឺត្រូវអនុវត្តទៅតាម ច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៨ បានចែងថា ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម ។ សញ្ញាតូបនីយកម្មមិនមែន ជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះអាចត្រូវបដិសេធ ចោលតាមអំណាចឆន្ទានុសិទ្ធិ ពិសេសព្រះមហាក្សត្រ ៕