ភ្នំពេញ៖ អនុរក្សម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានផ្អាកតួនាទី បន្ទាប់ពីយកជាប់ខ្លួននូវទូរសព្ទ ១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរសព្ទមក។
យោងតាមទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា «នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល នៅវេលាម៉ោង ៨:១០ ព្រឹក ថ្ងៃទី៨ តុលា ឆ្នាំ២០២៤ មានអនុរក្សម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ បានយកជាប់ខ្លួននូវទូរស័ព្ទ ១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក»។
ប្រភពដដែលបន្ដថា ចំណាត់ការនេះ ក្រុមការងារ បានធ្វើកំណត់ហេតុពិសេស ហើយប្រធានមណ្ឌលសម្រេច ផ្អាកតួនាទីពីអនុរក្សមកនៅគណៈកម្មការកណ្តាល៕