ពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ បានទទួលពាក្យបណ្ដឹង ពីលោកវ៉ាន់.ហ៊ាង (ហៅតក) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ។ មុខរបរ នាយកកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។
បានមកដាក់ពាក្យបណ្ដឹង ប្ដឹងទៅលើជនមិនស្គាល់ អត្តសញ្ញាណ បានប្រើប្រាស់លេខទូរស័ព្ទ 085 9327 81 ក្នុងករណីឆបោក ឱ្យចែកលុយមួយគ្រួសារ ១០ ម៉ឺនរៀល និងសម្ភារៈមួយចំនួន ៤ គ្រួសារ ។ បានតេមកដើមបណ្តឹង លោកវ៉ាន់.ហ៊ាង កាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ៧ និង ១០ នាទីយប់ ដោយម្ចាស់ទូរស័ព្ទ ដែលប្រើលេខ 085 9327 81 ថា ខ្លួនជាឯកឧត្តមសេង.ទៀង ជំនួយការផ្ទាល់សម្ដេច នាយករដ្ឋមន្ត្រី ឲ្យគាត់បានបញ្ជា ឲ្យខ្លួនយក អំណោយ កាកបាទក្រហម ទៅចែកឲ្យប្រជាពលរដ្ឋក្រីក្រ ចំនួន ៤ គ្រួសារ នៅភូមិលាវ សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយកំណត់មួយគ្រួសារ លុយចំនួន ១០ ម៉ឺនរៀល,អង្ករចំនួន ២៥ គីឡូក្រាម មីចំនួន ១ កេះទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ដោយកំណត់ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤វេលាម៉ោង ៨ និង 00 នាទីខ្លួនជាកំណត់ហើយមានឈ្មោះ ឈឿន ឈុនន្នី (ហៅញ័រ) ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកចាំនាំទៅបង្ហាញ ផ្ទះប្រជាពលរដ្ឋត្រូវចែកអំណោយ និងចូលរួមចែកអំណោយ ឲ្យប្រជាពលរដ្ឋ ហើយគាត់បាន បញ្ជាក់ថា គាត់ (បញ្ជាហើយមិន ចាំបាច់ឲ្យខ្ញុំឆ្លងយោបល់ ជាមួយអ្នកណា ឬឆ្លងយោបល់លោក ខួយ.រីដា អភិបាលខេត្តទេ)។
លុះដល់ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ៨ និង 00 នាទី ព្រឹកក្រុមការងារ របស់ខ្ញុំ (កាកបាទក្រហមខេត្តពោធិ៍សាត់) បានចុះទៅចែកអំណោយ ឲ្យប្រជាពលរដ្ឋចំនួន ៤ គ្រួសារខាងលើ ហើយឈ្មោះឈឿន ឈុនន្នី (ហៅញ័រ) ជាអ្នកប្រាប់បង្ហាញផ្ទះ ប្រជាពលរដ្ឋ ត្រូវទទួលអំណោយទាំង ៤ គ្រួសារហើយ ក្រុមការងារក៏ចែកអំណោយ ជូនប្រជាពលរដ្ឋទាំង ៤ គ្រួសាររួចរាល់ ។
ពេលចែកអំណោយរួចរាល់ ខ្លួនបានរាយការណ៍ ជូននាយកខុទ្ទកាល័យ សម្ដេចគត្តិព្រឹទ្ធបណ្ឌិតប៊ុន.រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីការចែកអំណោយខាងលើថា ឯកឧត្តមសេង.ទៀង តេទូរស័ព្ទ 085 9327 81 បញ្ជាឲ្យខ្ញុំបាទចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ៤ គ្រួសារ ។ ស្រាប់តែខាងនាយកខុទ្ធកាល័យ សម្ដេច បានប្រាប់មកខ្ញុំវិញថា មិនមែនលេខ ឯកឧត្តមសេង.ទៀង ទេ មានអ្នកក្លែងបន្លំធ្វើជា ឯកឧត្តមសេង.ទៀងហើយ ។
សមត្ថកិច្ចជំនាញបានទទួលបណ្ដឹង ហើយរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការ និងលោកព្រះរាជអាជ្ញាចុះស្រាវជ្រាវ កំណត់មុខសញ្ញានាំខ្លួនជនសង្ស័យ មកសាកសួរយកចម្លើយ។
បើតាមចម្លើយរបស់ជន សង្ស័យឈ្មោះឈឿន.ឈុននី (ហៅញ័រ) ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសូរិយាលើ សង្កាត់រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអិលធីអាយ) បានឆ្លើយសារភាពថា នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ខ្លួនបានប្រើប្រាស់លេខទូរសព្ទ 097 60 912 49 បានតេទៅលេខ 097 67 88 886 របស់លោកឧត្តមសេនីយ៍ទោ ស.ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយរូបខ្លួនក្លែង បន្លំប្រាប់ លោកស្នងការថា ខ្ញុំបាទជាជំនួយការឯកឧត្តមសេង.ទៀង នាយករងខុទ្ទកាល័យ សម្ដេចនាយករដ្ឋមន្ត្រី ហើយខ្ញុំបាទបានសុំឲ្យលោកស្នងការ ជួយកុមារកំព្រាម្នាក់រស់នៅភូមិស្វាយមាស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ពេលនោះលោកស្នងការ បានយល់ព្រមជួយឧបត្ថម្ភកុមារ កំព្រានោះ ។
លុះដល់ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៤ ខ្លួនបានយកលេខទូរសព្ទ 085 93 27 81 ខ្ចីមិត្តភក្កិតេទៅលេខ 012 83 52 11ជារបស់ឈ្មោះវ៉ាន់ ហ៊ាង ហៅតក ជានាយកសាខាកាកបាទ ក្រហមខេត្តពោធិ៍សាត់ ដោយខ្ញុំបានក្លែងបន្លំថា ខ្ញុំបាទជាឯកឧត្តមសេង.ទៀង នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី ហើយខ្ញុំបាទឱ្យ គាត់យកអំណោយកាកបាទក្រហម ចែកឲ្យប្រជាពលរដ្ឋក្រីក្រចំនួន ៤ គ្រួសារ រស់នៅភូមិសូរិយាលើសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយខ្ញុំបាទឲ្យគាត់ចែកអំណោយ ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានលុយ ១០ ម៉ឺនរៀលអង្ករ ២៥ គីឡូក្រាម មី ១ កេះទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ហើយខ្លួន បានប្រាប់ឈ្មោះតកថា ខ្ញុំឈ្មោះឈឿន.ឈុនន្នី ហៅញ័រ (ភេទប្រុសរស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ជាអ្នកបង្ហាញ ប្រាប់ផ្ទះប្រជាពលរដ្ឋ ដែលត្រូវទទួលអំណោយ ។ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤វេលាម៉ោង ៨ និង 00 នាទីក្រុមការងារកាកបាទក្រហម ខេត្តពោធិ៍សាត់ ក៏បានចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤ គ្រួសារ តាមការបង្ហាញរបស់ខ្លួន។
បញ្ជាក់ ខ្ញុំបាទ យកឈ្មោះ ឯកឧត្តមសេង.ទៀង យកទៅប្រើប្រាស់ ដើម្បីកុហកលោកស្នងការ នគរបាលខេត្ត និងលោកនាយកកាកបាទ ក្រហមសាខា ខេត្តពោធិ៍សាត់ ។ ដឹងថាខុសនិងច្បាប់ហើយ ប៉ុន្តែខ្ញុំចង់បានអំណោយ ជូនប្រជាពលរដ្ឋ ដែលខ្វះខាត ឲ្យបានទាន់ពេលវេលា ព្រោះកន្លងមកឃើញថា អាជ្ញាធរមូលដ្ឋាន បានស្នើសុំអំណោយជូនប្រជាពលរដ្ឋ ខ្វះខាត ទៅថ្នាក់លើជាបន្តបន្ទាប់តែ មិនបានលទ្ធផលទាល់តែសោះ នេះជាចម្លើយសារភាព របស់ជនសង្ស័យនៅ ចំពោះមុខសមត្ថកិច្ច ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាង សំណុំរឿងចាត់ការទៅតាមនិតិវិធី ៕