ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹង បកស្រាយបំភ្លឺ ចំពោះករណីផ្សព្វផ្សាយ បន្លំបោកប្រាស់ ក្នុងបណ្តាញសង្គម អំពីឧបករណ៍ ជួយកាត់បន្ថយ ថាមពលអគ្គិសនី

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់សាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយ ឡើងវិញជាច្រើន តាមរយៈបណ្តាញសង្គម អំពីឧបករណ៍ ជួយកាត់បន្ថយថាមពលអគ្គិសនី (ស៊ីភ្លើងតិច) ដោយបានយក រូបបុគ្គលិក ឈ្មោះ និងនិម្មិតសញ្ញា របស់អគ្គិសនីកម្ពុជា (EDC) មកដាក់ភ្ជាប់ ដើម្បីធ្វើការបោកប្រាស់ ឱ្យអតិថិជនជឿទុកចិត្ត ។ កាលពី ២ ទៅ ៣ឆ្នាំមុន ក៏មានការផ្សព្វផ្សាយដូចគ្នាដែរ ប៉ុន្តែត្រូវបានរលត់បាត់ទៅវិញ បន្ទាប់ពីអគ្គិសនី កម្ពុជា បានធ្វើ ការបកស្រាយបំភ្លឺបញ្ជាក់ អំពីករណីផ្សព្វផ្សាយ បន្លំបោកប្រាស់ ក្នុងបណ្តាញសង្គម នូវឧបករណ៍ជួយកាត់បន្ថយថាមពល អគ្គិសនីនោះ ។

ជាក់ស្តែងជាលក្ខណៈបច្ចេកទេស ឧបករណ៍នេះគ្រាន់តែមានដាក់ Capacitor Bank តូចមួយនៅខាង ក្នុងដែលអាចជួយកាត់បន្ថយ ថាមពលអសកម្ម (Reactive Power) និងបង្កើនតង់ស្យុងបានបន្តិចបន្តួច ប្រសិនបើតង់ស្យុង ធ្លាក់ដោយសារទីតាំងប្រើប្រាស់ នៅឆ្ងាយពីប្រភពអគ្គិសនី ប៉ុន្តែការយក Capacitor Bank មួយគ្រាប់តូចមកបកស្រាយ ថា ជាការសន្សំសំចៃ និងជួយកាត់បន្ថយថាមពលអគ្គិសនី ជាការបោកប្រាស់ទាំងស្រុង។ ចំពោះអ្នកប្រើប្រាស់អគ្គិសនី លំនៅដ្ឋានធុនតូច និងមធ្យម ការគិតថ្លៃអគ្គិសនី គឺយកតែលើថ្លៃថាមពលសកម្ម (Active Power) ប៉ុណ្ណោះ មិនយក លើថ្លៃថាមពលអសកម្ម (Reactive Power) ឡើយ ។

ដើម្បីសន្សំសំចៃ ក្នុងការកាត់បន្ថយ ការប្រើប្រាស់ ថាមពលអគ្គិសនី អតិថិជនគួរគប្បី ៖

-ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងនោះ ចំពោះបរិក្ខារម៉ាស៊ីនត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម ។

-បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យអស់លទ្ធភាពក្នុង ករណីមិនចាំបាច់ ។

-កាត់បន្ថយការបើកទ្វារចំហ ជាញឹកញាប់រយៈពេលយូរ ចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ ។

-ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណា ដែលមានប្រសិទ្ធភាពខ្ពស់ និងជួយសន្សំសំចៃថាមពលអគ្គិសនី។

ជារួម ការផ្សព្វផ្សាយ អំពីឧបករណ៍ ជួយកាត់បន្ថយថាមពលអគ្គិសនី គឺពុំអាចជួយបានអ្វីទាំងអស់ ដល់អ្នកប្រើប្រាស់ អគ្គិសនីទេ ផ្ទុយទៅវិញ ជាការផ្សព្វផ្សាយ ដែលមានចេតនា បន្លំបោកប្រាស់កេងចំណេញ ពីការលក់ផលិតផលតែប៉ុណ្ណោះ ។
អគ្គិសនីកម្ពុជា កំពុងធ្វើការជាមួយអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ របស់ក្រសួងមហាផ្ទៃ ដើម្បីនឹង ចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីការយករូបបុគ្គលិក ឈ្មោះ និងនិម្មិតសញ្ញារបស់អគ្គិសនីកម្ពុជា (EDC) មកធ្វើ អាជីវកម្មបោកប្រាស់ ។

ដូចនេះ សូមសាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នជៀស វាងការចាញ់បោកពីការផ្សព្វផ្សាយនេះ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

To Top