ព័ត៌មានជាតិ

ធនាគារជាតិ នៃកម្ពុជា ស្នើគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀល

ភ្នំពេញ ៖ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានស្នើកិច្ចសហការ និងការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀល ដើម្បីសេដ្ឋកិច្ចជាតិ។

ការលើកឡើងរបស់ លោកទេសាភិបាលរង នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ប្រធានសមាគមធនាគារនៅកម្ពុជា, ប្រធានសមាគមមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តំណាងមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាជ្ញាធរភូមិ/ឃុំ នៃខេត្ត អនុវត្តគម្រោង ដៃគូអភិឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ប្រមាណជាង ២០០នាក់ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ។

លោក យឹម លាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារអនុវត្តគម្រោងជនបង្គោល អ្នកសម្របសម្រួល តាមឃុំគោលដៅ សមាគម និងភាគីពាក់ព័ន្ធទាំងអស់ បានគាំទ្រឱ្យគម្រោងការពង្រឹង សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នេះ ទទួលបានផ្លែផ្កា និងលទ្ធផលគួរជាទីមោទនៈ។

លោកបានស្នើកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀល ដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំងបញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រកប ដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួន ពីការឆបោកផ្នែកហិរញ្ញវត្ថុ និងទទួលខុសត្រូវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋ រស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និងស្រ្តី ។

លោកបានគូសបញ្ជាក់ថា ភាពជោគជ័យ នៃការអនុវត្តគម្រោងនេះ ក្នុងដំណាក់ការសាកល្បងនេះ នឹងក្លាយជាឧត្តមានុវត្តន៍ សម្រាប់ក្រុមការងារ អាចប្រើប្រាស់សម្រាប់ការពង្រីកវិសាលភាព នៃគម្រោងនេះទៅកាន់ ឃុំ-សង្កាត់ ក្រុង-ស្រុកផ្សេងទៀត។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ការលើកកម្ពស់ធុរកិច្ចធនាគារ ប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់ កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែក ចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារនៅកម្ពុជា ព្រមទាំងសមាជិក របស់ខ្លួនផងដែរ ។

លោក បញ្ជាក់យ៉ាងដូច្នេះថា «សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សា នៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និងសមាជិកប្រតិបត្តិ នៃគណៈកម្មាធិការដឹកនាំថ្នាក់ កណ្តាលគម្រោងផងដែរ» ។

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងបញ្ជាក់ថា គម្រោង ការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើតទ្បើង ស្របតាមយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងតាមមូលដ្ឋាន ដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការ កសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោលក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះ ជូនប្រជាជនក្នុងសហគមរបស់ពួកគាត់ ។

លោកស្រី បន្តថា «គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបំណិនជីវិតក្នុងការគ្រប់គ្រងចាត់ ចែងលុយកាក់ក្នុងក្រុមគ្រួសារ ជួយឱ្យពលរដ្ឋនៅមូលដ្ឋានយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងកម្ចី និងចៀសផុតពីការចាញ់បោកផ្នែកហិរញ្ញវត្ថុក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់» ។

សូមបញ្ជាក់ថា គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែក លើកកម្ពស់ការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។ គម្រោងនេះបានផ្តួចផ្តើមឡើងដោយ ធនាគារជាតិនៃកម្ពុជា និងដឹកនាំការអនុវត្តដោយគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល ដែលមានសមាសភាពមកពី ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ព្រមទាំងទីប្រឹក្សាគម្រោងចំនួន ០២រូប តំណាងមកពី Ceries+SPTF និង JICA ៕

To Top