ព័ត៌មានជាតិ

អគ្គនាយក ARDB និងសហការីអញ្ជើញចុះពិនិត្យមើល ការប្រមូលទិញស្រូវនៅរោងម៉ាស៊ីន ៣ កន្លែងក្នុងស្រុកបាធាយ

កំពង់ចាម៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និង សហការីនៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវ និងតម្លៃស្រូវជាក់ស្តែងរបស់កសិករលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន ៣កន្លែង ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ការអញ្ជើញចុះពិនិត្យមើលតម្លៃស្រូវលក់ផ្ទាល់របស់លោកបណ្ឌិត កៅ ថាច ខណៈពេលដែលថ្មីៗនេះ មានព័ត៌មានពីតម្លៃស្រូវធ្លាក់ថ្លៃចុះតាមតំបន់មួយចំនួន ប៉ុន្តែផ្ទុយទៅវិញ តាមការចុះមកពិនិត្យជាក់ស្តែងគឺ នៅរោង ម៉ាស៊ីន ភូមិយើង រោងម៉ាស៊ីន យូ ឃីម និងរោងម៉ាស៊ីនសេកមាស តម្លៃស្រូវកសិករលក់ឲ្យរោងម៉ាស៊ីន ស្រូវ OM5451 មានតម្លៃចន្លោះពី១០៥០ ទៅ ១១០០រៀល ក្នុង១គីឡូក្រាម ស្រូវស្រង៉ែ ថ្លៃចន្លោះ ពី១១១០ ទៅ ១១៥០រៀល ក្នុង ១គីឡូក្រាម ស្រូវសូម៉ាលីចន្លោះពី ១២៥០ ទៅ ១៣០០រៀល គឺស្រូវដែលមានគុណភាព ហើយសរុបជារួមតម្លៃនៅមានស្ថេរភាពល្អនៅឡើយ បើធៀបនឹងតម្លៃមុនពិធីបុណ្យភ្ជុំបិណ្ឌ ជាពិសេសស្រូវសែនក្រអូប តម្លៃល្អ នឹងមានតម្រូវការច្រើនលើទីផ្សារ។

សំរាប់តម្លៃស្រូវនៅថ្ងៃទី៩ ខែតុលានេះ តម្លៃរោងម៉ាស៊ីន សេកមាស និងរោងម៉ាស៊ីនផ្សេងទៀត ទិញពីកសិករ តម្លៃចន្លោះ ពី ១១០០ រៀលទៅ ១១៥០ រៀល ស្រូវស្រង៉ែ សែនក្រអូបចន្លោះ ១៣៤០ ទៅ ១៣៦០ រៀល និងស្រូវសូម៉ាលី ចន្លោះ ពី ១២៥០ ទៅ ១២៩០រៀល ក្នុង១គីឡូក្រាម គឺ ស្រូវមានគុណភាពល្អ ដែលតម្លៃនេះ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។

យោងតាមរោងម៉ាស៊ីនមូលហេតុដែលកសិករមួយចំនួនលក់ស្រូវ មានតម្លៃថោក គឺអាស្រ័យលើ គុណភាពស្រូវ ការប្រើប្រាស់ពូជមិនសុទ្ធ និងពេលវេលាក្នុងការច្រូតកាត់ មិនទាន់ពេល ធ្វើឲ្យស្រូវទុំខ្លាំង ឬស្រូវសើមជាដើម ។
ជាមួយគ្នានេះក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើង បាននិងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សានៅពេលខាង មុខនេះ។សម្រាប់សង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវខាងលើគឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗមកពីក្រៅប្រទេស ដែលមានសមត្ថភាពកិន និងកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេសបាន មិនចាញ់រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ៕

To Top