ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយជំនន់ទឹកភ្លៀងជន់លិច តំបន់មួយចំនួននៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកម្ម នៅប្រទេសបារាំងមុនពេលកំណត់ ហើយបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។
ក្នុងឱកាសចុះពិនិត្យ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះលោក ឃួង ស្រេង លើកឡើងថា “ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់” ។
នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈលោក ដឹកនាំប្រតិភូ ទៅបំពេញបេសកម្ម នៅប្រទេសបារាំង រីឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួន ទទួលរងការលិចលង់។
លោក ឃួង ស្រេង បានឱ្យដឹងថា “បើទោះបីនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍ នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញជានិច្ច ពោលគឺ ក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ខ្ញុំបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋាន ប្រជាពលរដ្ឋឲ្យបាន” ។
ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ហើយបានណែនាំ ឲ្យអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធ បន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ ។ បន្តមកទៀត លោកបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹក នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារក គ្រប់មធ្យោបាយ ដើម្បីរំដោះទឹកចេញ។
លោក ឃួង ស្រេងបានមានប្រសាសន៍ថា “តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះ ធ្វើការអភិវឌ្ឍ មុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឲ្យតំបន់នេះ ទទួលរងនូវការលិច ដោយជំនន់ទឹកភ្លៀងតែម្តង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំរាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយកនោះទេ គឺតែងតែ ដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច” ។
លោកបានបញ្ជាក់ថា ជាដំណោះស្រាយ ដើម្បីអោយតំបន់ត្រពាំងថ្លឹងនេះ បានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ នឹងកសាងស្ថានីយ៍បូមទឹក ចំនួនពីរទៀត ដោយស្ថានីយ៍បូមទឹកទី១ គ្រោង ស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យនិង១កន្លែងទៀតលើប្រឡាយម័រ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនិងការស្តារប្រឡាយផងដែរ ។
លោក ឃួង ស្រេង មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា “សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ អោយតែមានភ្លៀងធ្លាក់ធំៗម្ដង គឺគ្រប់បណ្ដាស្ថានីទាំងអស់ នៅរាជធានីភ្នំពេញ តែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះអោយបាន នូវការលិចលំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយឡើយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ” ៕