ភ្នំពេញ៖ មន្រ្តីជំនាញគ្រប់ផ្នែក នៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមបំពេញការងារយ៉ាងសកម្ម តាមរយៈការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅមណ្ឌលប្រឡងបានយ៉ាងល្អប្រសើរ មានរបៀបរៀបរយ ដែលបានធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ។
នេះបើតាមការលើកឡើង របស់លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។
![](https://dap-news.com/wp-content/uploads/2024/10/88-1-1024x682.jpg)
លោក សុខ ពេញវុធ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លាំងនៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលប្រឡង នាថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានយ៉ាងល្អ បើទោះបីមានបេក្ខជនមួយចំនួន មានបញ្ហាសុខភាពរហូតដល់ ១៩២នាក់ ក៏ដោយ ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្រធ្វើការសង្គ្រោះបឋម នៅតាមមណ្ឌលប្រឡងបានយ៉ាងល្អ។
![](https://dap-news.com/wp-content/uploads/2024/10/84-1024x682.jpg)
លោកបានបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គ្មានករណីយកលុយ ការផ្ញើរកង់ម៉ូតូ រថយន្ត ពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្សឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានផ្គត់ផ្គង់ថវិកាក្នុង១មណ្ឌលប្រឡងចំនួន ១លានរៀលរួចហើយ។
![](https://dap-news.com/wp-content/uploads/2024/10/856-1024x682.jpg)
ក្នុងនោះ លោក សុខ ពេញវុធ គូសបញ្ជាក់ថា ដោយមានករណីភ្លៀងខ្លាំងៗជាប់គ្នា នៅមុនថ្ងៃប្រឡង និងថ្ងៃប្រឡង កងកម្លាំង អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ក៏បានដោះស្រាយបញ្ហាភ្លាមៗ ដោយបានបូមទឹក និងច្រកបាវខ្សាច់នៅមណ្ឌលប្រឡងលិចទឹក ដោយទឹកភ្លៀងចំនួន ៤មណ្ឌល បានយ៉ាងទាន់ពេលវេលា ដើម្បីកុំឱ្យរំខានដល់ដំណើរការប្រឡង របស់សិស្សានុសិស្ស។
![](https://dap-news.com/wp-content/uploads/2024/10/87-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/86-1-1024x682.jpg)
លោក លេីកឡេីងថា “ក្រោមការ ចង្អុលបង្ហាញពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជុំវិញដំណើរការប្រឡងឌុបនៅរាជធានីភ្នំពេញនេះ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរ ពីប្រធានមណ្ឌលប្រឡង ពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសពីបេក្ខជនប្រឡង និងអាណាព្យាបាលសិស្ស”។
![](https://dap-news.com/wp-content/uploads/2024/10/89-1-1024x682.jpg)
ក្នុងឱកាសនោះដែរ លោក ម៉ប់ សារិន បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការបំរើសេវានានាជូនប្រជាពលរដ្ឋ នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ភាពជោគជ័យ នៃការងាររបស់របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឱ្យប្រជាពលរដ្ឋ មានការកោតសរសើរ និងសាទរជាខ្លាំង ដែលបង្ហាញថា អាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)