ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ​ ជាមួយចិន ដើម្បីជំរុញ របៀបវារៈបៃតង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ នូវការប្តេជ្ញាចិត្ត ធ្វើការយ៉ាងជិត ស្និទ្ធជាមួយចិន ដើម្បីជំរុញ របៀបវារៈបៃតង ។ ក្នុងន័យនេះ កម្ពុជាស្វាគមន៍សំណើរ បង្កើតកិច្ចប្រជុំរដ្ឋមន្ត្រី ថាមពល​ អាស៊ាន-ចិន និងបានស្នើចិនឱ្យចូលរួមចំណែក ក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាពេញចិត្ត ចំពោះការសម្រេច បាននូវការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ានចិន (ACFTA) ៣.០។ កិច្ចព្រមព្រៀងដែលត្រូវដំឡើង កម្រិតនឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹង សមាហរណកម្មសេដ្ឋកិច្ចតំបន់។

សម្តេចធិបតី ក៏បានលើកឡើង ផងដែរពីក្តីសង្ឃឹមថា អាស៊ានអាចទទួលផលប្រយោជន៍ ពីការចូលទៅកាន់ទីផ្សារ ដ៏ធំរបស់ចិន កាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។ ក្នុងន័យនេះ សម្តេចធិបតី បានចែករំលែក ថា កម្ពុជាកំពុងធ្វើការ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម ។ ដូច្នេះកម្ពុជាគាំទ្រ ការអភិវឌ្ឍកសិកម្ម ឆ្លាតវៃនិងភូមិឌីជីថល ដូចដែលបានចែង នៅក្នុងសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិន ស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការ កសិកម្ម កាលពីឆ្នាំមុន និងបានស្វាគមន៍ ការអនុម័តសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិន ស្តីពីការលើកកម្ពស់ ការអភិវឌ្ឍកសិកម្មឆ្លាតវៃ នៅឆ្នាំនេះ។

សម្តេចធិបតី បាន អះអាងជាថ្មី នូវការគាំទ្ររបស់កម្ពុជា ​ចំពោះកិច្ចខិតខំប្រឹងប្រែងរួម អាស៊ាននិងចិន ដើម្បីពង្រឹង ទំនាក់ទំនង ប្រជាជននិងប្រជាជន ហើយបានស្វាគមន៍ ការអនុម័តាសេចក្តីថ្លែងការណ៍រួមអាស៊ាន- ចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការបង្កើតកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន-ចិន ៕

To Top