ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានគោរពអញ្ជើញសម្ដេចធិបតី ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ។
ក្នុងជំនួប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១០ តុលា លោកប្រធានប្រតិបត្តិ WEF បានថ្លែងអំណរគុណ សម្ដេចធិបតី ដែលបានអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ ក៏បានគោរពអញ្ជើញសម្ដេចធិបតី ចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូនសម្ដេចធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាង នូវបណ្ដាញទំនាក់ទំនង រវាងវិស័យសាធារណៈ និងឯកជន។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសារជាថ្មី និងបានអបអរសារទរ ចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណ ចំពោះលោកសាស្រ្តាចារ្យ ដែលបានអញ្ជើញសម្ដេចផ្ទាល់ ចូលរួមវេទិកា WEF នៅឆ្នាំក្រោយផងដែរ៕