ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ បានបង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំង បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ តុលា នេះ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_16-27-58-1024x682.jpg)
ជាកិច្ចចាប់ផ្ដើម សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-11_16-27-59-1024x682.jpg)
លោក ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចបវរធិបតី អំពីបំណងរបស់លុចសំបួ ក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល និង វិស័យអប់រំ ជាដើម។
សម្ដេចបវរធិបតី និងលោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍, វិស័យធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យាឌីជីថល និងការបោសសម្អាតមីន៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)