កាលពី ៧០ឆ្នាំ មុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ ពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤.ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង៥.ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាព ទើបមិត្តបរទេសជាច្រើនបានផ្តើមកិច្ចសហប្រតិបត្តិការ បង្កើតឡើងនូវសមាគមមិត្តភាពជាមួយចិនដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំ២០០០ កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ទើបសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើង ហើយទីស្នាក់ការកណ្តាលសមាគមនេះបានប្រសិទ្ធនាមថាជាផ្ទះរួមរបស់ប្រជាជនកម្ពុជានិងប្រជាជនចិន។
ឆ្នាំ២០២៤ ជាខួប ៧០ឆ្នាំនៃគោលគំនិតសន្តិភាពរបស់ប្រទេសចិន ហើយក៏ជាខួប ៧០ឆ្នាំ នៃថ្ងៃកំណើតរបស់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថ្លែងនៅក្នុងជំនួបជាមួយមិត្តបរទេស ១០៣ប្រទេស ដែលជាថ្នាក់ដឹកនាំសមាគមមិត្តភាពបរទេសជាមួយប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា សមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសដែលមានអាយុ ៧០ឆ្នាំនេះ បានដើរតួនាទីសំខាន់មួយក្នុងការអភិវឌ្ឍមិត្តភាពរវាងប្រជាជនចិន និងបរទេស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ សមាគមមិត្តភាពគឺជាស្ពាន និងជាបេះដូងនៃការប្រាស្រ័យទាក់ទងគ្នាដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពរវាងប្រជាជនចិននិងប្រជាជនបរទេស ព្រមទាំងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ការណ៍នេះស្របនឹងពាក្យពេចន៍របស់ខុងជឺ ដែលមានភាពពេញនិយមនៅក្នុងសង្គមចិនថា «វាជារឿងរីករាយដែលមានមិត្តមកពីចម្ងាយ» ដែលបានបង្ហាញពីសណ្តានចិត្តរីករាយរបស់ប្រជាជនចិនចំពោះការមកដល់របស់មិត្តភក្តិ។ តាំងពីបុរាណកាលរៀងរហូតមក ពាក្យពេចន៍ពីបុរាណនេះ ល្បីឈ្មោះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសចិន ហើយបានឆ្លុះបញ្ចាំងនូវទង្វើរបស់ប្រជាជនចិនប្រកបដោយមនោសញ្ចេតនារាប់អានមិត្តដ៏ស្មោះស្ម័គ្រ។ ជាសច្ចភាពដែលយើងទទួលស្គាល់ថា មិត្តភាពរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងអន្តរជាតិ និងជាកម្លាំងចលករដែលមិនអាចកាត់ថ្លៃបានសម្រាប់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
ក្រឡេកថយក្រោយរំលឹកពីអតីតកាល សាធារណរដ្ឋប្រជាមានិតចិនដែលមានអាយុ ៧៥ឆ្នាំគិតដល់ឆ្នាំ២០២៤នេះ ទទួលបាននូវមហាសមិទ្ធផលទាំងឡាយ គឺពិតជាមិនអាចកាត់ផ្តាច់ពីសម្លេងទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនបរទេសនានានៅជុំវិញពិភពលោកឡើយ។ ច្បាស់ណាស់ថាប្រទេសដែល ពោរពេញដោយស្មារតីមិត្តភាពជាមួយចិន ជជែកពីកិច្ចកសាងសហគមន៍ជោគវាសនារួមជាមួយចិន បានចែករំលែកភាពសុខដុមរមនាជាមួយប្រជាជនចិន ហើយទាំងចិន ទាំងប្រទេសទាំងឡាយនោះបានរួមគ្នាយ៉ាងសកម្មក្នុងចលនាទំនើបភាវូបនីយកម្មសង្គមនិយមរបស់ប្រទេសចិន ដែលនេះមិនត្រឹមតែទទួលបានផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគីទាំងអស់ថែមទៀតផង។
ឆ្នាំ២០២៤ ជាពេលវេលាដ៏ល្អនៃការចេញដំណើររួមគ្នាក្នុងការចារឹកទំព័រថ្មី នៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដោយយើងរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការយល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីគេចចេញផុតពីឱ្យសោកនាដកម្មជាច្រើន ដែលបាននិងកំពុងបន្តកើតឡើងនៅក្នុងសង្គមមនុស្ស។ សមាគមមិត្តភាពរបស់បណ្តាប្រទេសទាំងអស់ នឹងបន្តចូលរួមជាមួយសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេសដោយអនុញ្ញាត ឱ្យប្រជាជនយើងទាំងអស់បានរួមគ្នាគូររូបភាពអរិយធម៌ ដែលជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិដោយគំនិតបើកចំហ និងបរិយាប័ន្ន។ ទាំងអរិយធម៌ចិន ទាំងអរិយធម៌របស់ជាតិសាសន៍នីមួយៗបានភ្ជាប់មកជាមួយនូវឧត្តមគតិ និងសេចក្តីប្រាថ្នាជាទូទៅរបស់មនុស្សជាតិ ក្នុងការអភិវឌ្ឍ និងវឌ្ឍនភាព ហើយអរិយធម៌ចិនរួមជាមួយអរិយធម៌មនុស្សជាតិ គឺជាអ្នកការពារនូវគុណតម្លៃនានាក្នុងស្មារតីប្រកបដោយបរិយាប័ន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយស្វែងរកនូវគុណតម្លៃរួមនៅក្នុងប្រពៃណីវប្បធម៌រៀងៗខ្លួនរបស់ប្រជាជនយើងថែមទៀតផង។ បន្ថែមពីលើនេះ មរតកនៃទំនាក់ទំនងល្អរវាងប្រជាជនចិននិងប្រជាជនបរទេសបាននិងកំពុងពង្រឹងនិងពង្រីក ពន្លាតដោយយុវជនជំនាន់ក្រោយ ស្របនឹងទស្សនៈដែលថា «ចាស់ដឹងផ្លូវ ចាស់មានបទពិសោធន៍ ហើយក្មេងមានថាមភាព មានភាពនវានុវត្ត» ដែលតាមរយៈនេះ សមាគមមិត្តភាពបានក្លាយជាវេទិកានៃការរួមកម្លាំងរវាងអ្នកជំនាន់មុននិងយុវវ័យដើម្បីបង្កើនល្បឿនលើវិថីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
អនាគតបន្តទៅមុខ ចិននៅបន្តជជែកពីមិត្តភាព ដើម្បីបង្កើនភាពរីករាយរវាងប្រជាជន និងប្រជាជនហើយ
ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាសម្លេងរួមរបស់ប្រជាជននៃគ្រប់បណ្តាប្រទេសទាំងអស់។
សហគមន៍នេះជាការអំពាវនាវរួមគ្នារបស់មនុស្សជាតិដែលមានអនាគតរួមគ្នា ហើយប្រទេសចិនបានឈរយ៉ាងរឹងមាំលើយន្តការដោយមានក្នុងរយៈពេល ៧០ឆ្នាំកន្លងមករបស់សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេសក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយមិត្តភក្តិមកពីជុំវិញពិភពលោកផ្តល់ការលេងពេញលេញចំពោះតួនាទីពិសេសនៃការទូតរវាងប្រជាជន និងប្រជាជន និងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
សមាគមមិត្តភាពជាកិច្ចខិតខំរួមគ្នារវាងប្រជាជនចិនជាមួយមិត្តបរទេសជាច្រើនជំនាន់ដែលបានសាបព្រោះនូវគ្រាប់ពូជមិត្តភាពរវាងចិននិងបរទេស ឬរវាងបរទេសនិងចិនឲ្យបានលូតលាស់ទៅជាដើមឈើបៃតងស្រស់មានជីជាតិល្អ។ ជជែកពីមិត្តភាព រួមជាមួយស្មារតីថែរក្សាសន្តិភាពគឺពិតជាបានចូលរួមក្នុងការធានានូវលំហូរនៃទេពកោសល្យ និងគំនិតយ៉ាងល្អរវាងប្រជាជន និងប្រជាជន ដែលបានផ្តល់ឱកាសដល់រដ្ឋាភិបាលអាចអនុវត្តគម្រោង «រយ ពាន់ ម៉ឺន សែន» ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងបរទេស។ ការលើកតម្កើងតម្លៃរួមនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសម្រាប់មនុស្សជាតិ នោះយើងនឹងរួមគ្នាជាមួយចិនក្នុងការកសាងផែនដីយើងរស់នៅជាមួយគ្នាឱ្យមានសន្តិភាព សុខដុមរមនា ព្រមទាំងពង្រីកកាន់តែទូលាយនិងបើកចំហនូវយន្តការពហុប៉ូល។
ជារួម ក្នុងរយៈពេល ៧០ឆ្នាំ នៃគោលការណ៍សន្តិភាព និងស្មារតីមិត្តភាពដែលចិនបានជជែកជាមួយពិភពលោកតាមរយៈសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ជាការគូសរំលេចដោយឥតលាក់លៀមពីអមតភាពនៃទំនាក់ទំនងជាប្រពៃណី មិត្តភាព ភាតរភាពរវាងប្រជាជាតិនៃប្រទេសចិន និងបរទេស ដោយប្រកៀកស្មារួមគ្នាក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន