សៀមរាប៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា»។ សិក្ខាសាលានេះធ្វើឡើង នៅសណ្ឋាគារ Royal Angkor Resort នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគី រាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-12-40-1024x683.jpg)
ថ្លែងនៅក្នុងអង្គសិក្ខាសាលា លោក ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីប្រមូលធាតុចូល ពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និង ភាគីរាជរដ្ឋាភិបាល ធ្វើយ៉ាងណា ឱ្យមធ្យោបាយធ្វើដំណើរ ប្រកបដោយបទដ្ឋានបច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-12-44-1024x683.jpg)
លោកបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹង មានកិច្ចពិភាក្សាមួយយ៉ាងសុីជម្រៅ គ្រប់ជ្រុងជ្រោយ ផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ ក្នុងការកែប្រែមធ្យោបាយ ធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត នៅកម្ពុជាឱ្យមានភាពប្រសើរឡើងជាងមុន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-12-47-1024x683.jpg)
លោកបានសង្កត់ធ្ងន់ថា និយោជកដែលកំពុងបើកអាជីវកម្ម នៅប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានការគោរពសិទ្ធិដល់កម្មករ និយោជិតដែលមានចែង ក្នុងច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា រក្សាឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អ សុវត្ថិភាពការងារ ធ្វើយ៉ាងណាសំដៅ ឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រ សហគ្រាស ដែលជាគោលនយោបាយ ដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-12-52-1024x610.jpg)
គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣ មុឺននាក់កំពុងធ្វើដំណើរ តាមរថយន្ត សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ ក្នុងនោះមានរថយន្តមួយចំនួន មិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះ អាចបង្កហានិភ័យគ្រោះថ្នាក់ ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ នេះជាការបញ្ជាក់របស់ លោក ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-12-55-1024x578.jpg)
លោក ខឹម បូរិន បានគូសបញ្ជាក់បន្ថែមថា ខេត្តដែលមានរថយន្តដឹកកម្មករនិយោជិតច្រើន ជាងគេមានដូចជា ខេត្តកំពង់ស្ពឺមានជាង ៩០០គ្រឿង និងខេត្តបន្តបន្ទាប់ទៀតមានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ជាដើម ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុង នូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គ្មានបទដ្ឋានសុវត្ថិភាព និងគ្មានផាសុកភាព នៅពេលខាងមុខដ៏ខ្លី ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-12-59-1024x610.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-13-02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-13-06-1024x646.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-13-14-1-1024x646.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-13_10-13-17-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)