ព័ត៌មានជាតិ

កម្ពុជា ជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រ ដល់កិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ច ឌីជីថលអាស៊ាន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈវេទិការអាស៊ាន-អាមេរិក នៅទីក្រុងវៀងចន៍ ប្រទេសឡាវ បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលនឹងត្រូវអនុម័ត នៅឆ្នាំក្រោយ។

យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីអំពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១២ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។
ប្រមុខដឹកនាំមានសេចក្តីសោមនស្សចំពោះ វឌ្ឍនភាពដ៏ធំ ដែលសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពបច្ចុប្បន្ន និងឧបសម្ព័ន្ធផែនការ នេះ ហើយទន្ទឹងរង់ចាំការតាក់តែងផែនការសកម្មភាពអាស៊ាន-សហរដ្ឋអាមេរិកថ្មី (២០២៦- ២០៣០) ដែលនឹងនាំផ្លូវឱ្យភាគីទាំងពីរ ឆ្ពោះទៅសម្រេចបាន នូវសក្តានុពលពេញលេញ នៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

កិច្ចប្រជុំកំពូលក៏បានអនុម័តសេចក្តី ថ្លែងការណ៍ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាព ប្រកបដោយ សន្តិសុខនិងទំនុកចិត្ត ដែលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការសម្រេចឱ្យបាននូវ សក្តានុពលដ៏សំខាន់នៃបញ្ញាសិប្បនិម្មិត ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង ។

ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧) សម្តេចធិបតី បានថ្លែងសេចក្តីថ្លែងការណ៍រួមអាស៊ាន តំណាងឱ្យអាស៊ាន អមដោយសេចក្តីថ្លែងការណ៍ជាតិ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្ម និងការវិនិយោគ បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ និងការ លើកកម្ពស់សុខុមាលភាព របស់ប្រជាជនយើង។ ក្នុងន័យនេះ អាស៊ាន និងសហរដ្ឋអាមេរិក គួរ ពង្រឹងទំនាក់ទំនងទាំងនេះ ដោយធ្វើការអនុវត្ត កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌពាណិជ្ជកម្ម និង វិនិយោគ អាស៊ាន-សហរដ្ឋអាមេរិក (TIFA) ២០២៤-២០២៥ និង ផែនការការងារពង្រីកទំនាក់ទំនង សេដ្ឋកិច្ច (Expanded Economic Engagement Work Plan) ។

សម្តេចធិបតី ក៏បានស្វាគមន៍ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ពីសំណាក់សហរដ្ឋអាមេរិក តាមរយៈផែនការមេស្តីពីការតភ្ជាប់ អាស៊ានឆ្នាំ ២០២៥ និង ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ ។

សម្តេចធិបតី បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលនឹងត្រូវអនុម័ត នៅឆ្នាំក្រោយ។ សម្តេចធិបតី ក៏បានឆ្លៀតឱកាសថ្លែងកោតសរសើរការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍធនធានមនុស្សអាស៊ាន និងការជួយជ្រោមជ្រែង អាជីវកម្មខ្នាតតូចៗរបស់អាស៊ាន ឱ្យកាន់តែមានផលិតភាព ភាពធន់ និង ភាពប្រកួតប្រជែងបន្ថែមទៀត។

សម្តេចធិបតី បានបញ្ចប់សេចក្តីថ្លែងការណ៍ដោយគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាង មុតមាំ និងការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស សមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ភាពជាដៃគូ និង ជំរុញផលប្រយោជន៍ទៅ វិញទៅមក ក្នុងតួនាទីជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-សហរដ្ឋអាមេរិក៕

To Top