ខេត្តកំពង់ធំ ៖ ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានគោយន្តកន្ត្រៃបានដឹកឈើ ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ កម្លាំងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើង បឹងទន្លេសាប សហការជាមួយកម្លាំងអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើស្ទាក់បង្ក្រាបបានភ្លាមៗផងដែរ ។ ប្រតិបត្តិការនេះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលការបង្ក្រាបនេះ ឃាត់បានគោយន្តដឹកឈើចំនួន៣គ្រឿង ជាប្រភេទឈើស្រឡៅ ឈ្មួញដឹកពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅលក់បន្តនៅខេត្តកំពង់ចាម ។ ខណៈកម្លាំងសមត្ថកិច្ច ចុះទៅដល់ក្រុមជនល្មើស មានការភិតភ័យនាំគ្នា រត់ចោលគោយន្តកន្ត្រៃ បាត់ស្រមោល ។ បច្ចុប្បន្នវត្ថុតាងគោយន្តកន្ត្រៃ៣គ្រឿង និងឈើ សមត្ថកិច្ចយកមកថែរក្សាទុក នៅអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ដើម្បីបន្តនីតិវិធីច្បាប់ រង់ចាំម្ចាស់ចូលដោះស្រាយ និងពិន័យតាមច្បាប់ ។
គួររំលេចផងដែរមួយរយៈនេះ គេសង្កេតឃើញថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានសហការជាមួយកម្លាំង ប្រដាប់អាវុធធ្វើការ បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ បានជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ មិនថាទ្រង់ទ្រាយធំ ឬការដឹកជញ្ជូនប្រើរូបភាព ជាលក្ខណៈកណ្តៀរក៏ដោយ ៕
ដោយសំនៀង