ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាក់ថា ការលូកដៃក្នុងកិច្ចការងារតូចៗ របស់ក្រសួងស្ថាប័ន មិនមែនជាការដណ្តើមការងារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជុំវិញការលូកដៃ ក្នុងកិច្ចការងារតូចៗមួយចំនួន របស់ក្រសួងស្ថាប័ន ដែលមានការជាប់គាំង ជាពិសេសពាក់ព័ន្ធនឹង វិស័យឯកជនគឺជាការជួយគ្នា ដើម្បីពលរដ្ឋទាំងអស់គ្នា មិនមែន ជាការដណ្តើមការងាររបស់ ក្រសួងស្ថាប័នណាមួយឡើយ ហើយក៏មិនមែនមានន័យថា រដ្ឋាភិបាល មិនមានទិសដៅធំៗនោះដែរ ។

ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជា​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើង នូវចំណុចមួយចំនួន ជុំវិញការចូលរួមដោះស្រាយវិវាទ ឬដោះស្រាយការជាប់គាំង នៅក្នុងវិស័យឯកជនតួយ៉ាង ដូចជាការដោះស្រាយ ការនាំចេញថ្មអា របស់ក្រសួងរ៉ែ និងថាមពល នាពេលថ្មីៗនេះ រហូតមានការប្រើពាក្យថា នាយករដ្ឋមន្ត្រី កំពុងលូកដៃដណ្តើមការងាររដ្ឋមន្ត្រីរបស់ខ្លួននោះ ត្រូវបានសម្តេចបញ្ជាក់ថា ពុំមែនដូច្នេះនោះទេ ផ្ទុយទៅវិញនេះ ជាការដោះស្រាយរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នា ដែលទាមទារឱ្យមានភាពបត់បែន ។

សម្តេចធិបតី មានប្រសាសន៍ថា “អ្នកខ្លះថា នាយករដ្ឋមន្ត្រីធ្វើការអាតូចៗហ្នឹងម៉េច បាត់ទិសដៅ? នាយករដ្ឋមន្ត្រីគួរតែដាក់គោលនយោបាយធំៗ ទុកឱ្យគេធ្វើ ខ្ញុំថា ខ្ញុំមិនមែនដណ្តើមការងារទេ” ។

សម្តេចធិបតី បញ្ជាក់បន្ថែមថា “កុំចាំ៦ខែបានរបាយការណ៍ ហើយដាក់ទិសដៅក្នុងប្រជុំ ហើយយកទៅ ៦ខែទៀត បានមកថា ដោះអត់ចេញដោយសារ អត់ហ៊ានរំខានសម្តេច ព្រោះសម្តេចត្រូវគិតការងារធំ អាតូចៗទុកឱ្យខ្ញុំ ។ អត់ទេ ខ្ញុំអត់ដណ្តើមទេ ព្រោះប្រសិនបើយើងមិនជោគជ័យ រដ្ឋាភិបាលទាំងមូល ព្រោះយើងជាក្រុមអីចឹងត្រូវរួមគ្នាដោះ ហើយបើរដ្ឋាភិបាលដោះស្រាយមិនជោគជ័យ ពីណាលំបាក ប្រជាពលរដ្ឋ វិស័យឯកជនហ្នឹងឯង ចឹងយើងត្រូវមានភាពបត់បែន ពេលខ្លះត្រូវធ្វើ ហើយខ្ញុំសូមបញ្ជាក់ ថា ខ្ញុំមិនទៅដណ្តើមការងាររបស់ឯកឧត្តម លោកជំទាវទេ ខ្ញុំអត់ដណ្តើមទេ ខ្ញុំលើកទឹកចិត្ត ឱ្យធ្វើពេលខ្លះ ខ្ញុំជួយ ដើម្បីឱ្យជួយខ្ញុំវិញ តែយើងទាំងអស់គ្នាជួយពីណា ជួយប្រទេសជាតិ ជួយប្រជាជន ជួយវិស័យឯកជនរបស់យើង ដើម្បីគាត់ទៅជួយកសិករ ទៅជួយប្រជាពលរដ្ឋយើង តាមការបង្កើតការងារ និងBusiness ល្អទៅទៀត នេះជាអ្វីដែលធ្វើ”៕

To Top