ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងប្រជាពលរដ្ឋកម្ពុជា ដែលមានបំណង ស្វែងរកការងារ ធ្វើនៅប្រទេសថៃ ឱ្យបានជ្រាបថា ថ្មីៗនេះ មានការអូសទាញ បងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេសថៃតាមទិដា្ឋការ ទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះធ្វើការតាមសេចក្ដីសម្រេច របស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការងារបញ្ជាក់ថា ការចុះឈ្មោះនេះ នឹងអនុវត្ត សម្រាប់ពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ស្រាប់ជាមួយនិយោជក (ថៅកែ) ប៉ុន្តែមិនមានឯកសារ គ្រប់គ្រាន់ប៉ុណ្ណោះ ដោយមិនរាប់ បញ្ចូលពលករ ដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបងប្អូនពលករប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់ បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មាន មិនពិតក្នុងន័យអូសទាញឱ្យឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មាន ឯកសារស្របច្បាប់ ដែលអាចបណ្តាលឱ្យ ខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញ ដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងប្រឈមមុខនឹងវិធានការច្បាប់ របស់ប្រទេសថៃ ។
សម្រាប់ព័ត៌មានបន្ថែម អំពីការងារនៅប្រទេសថៃ ដោយស្របច្បាប់ សូមទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬគ្រុបតេលេក្រាម “សម្រាប់ ពលករ ទេសន្តរប្រវេសន៍”(https://t.me/KhmerMigrantWorker) ដែលអាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម ឬ ទំនាក់ទំនងមកមន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើស ឯកជនដែលមាននៅក្នុងគេហទំព័រ របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (https://www.mlvt.gov.kh) ឬប្រព័ន្ធ តាមដានពលករទេសន្តរប្រវេសន៍ (https://www.tracking.ocwc.co) ៕