ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល បន្តផ្ដល់ការលើក ទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតកម្ម សម្រាប់តម្រូវការក្នុងស្រុក។
នាឱកាសអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការ ពាណិជ្ជកម្ម ពិភពលោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញការ អភិវឌ្ឍ វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និង អង្ករ, តួយ៉ាងដូចជា ផលិតផលធ្វើដំណើរ, គ្រឿងអេឡិចត្រូនិក, បន្ទះសូឡា, កង់, និងផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, និង ស្វាយ ។
សម្ដេចធិបតី មានប្រសាសន៍ថា «បន្ថែមលើនេះ, រាជរដ្ឋាភិបាលក៏បន្តផ្ដល់ការលើក ទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬ នាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និង ផលិតផលដូងប្រេងផងដែរ ដើម្បីលើកកម្ពស់ផលិតកម្ម សម្រាប់តម្រូវការក្នុង ស្រុក និង ជំរុញការនាំចេញផលិតផលទាំងនោះ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ជាប្រយោជន៍ ដល់កសិករ និង វិនិយោគិន»។
សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលបានបន្ត លើកកម្ពស់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី, តំបន់, និង ពហុភាគី ដែលមានស្រាប់ដូចជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP)។
លើសពីនេះ រាជរដ្ឋាភិបាល ក៏បានកំណត់ចេញ នូវគោលការណ៍ ស្វែងរកច្រកទីផ្សារនាំចេញ ឬ ដៃគូពាណិជ្ជកម្ម សក្តានុពលថ្មីៗ ដោយជំរុញការបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារ ឱ្យមានលក្ខណៈរឹតតែទូលំទូលាយ៕