ព័ត៌មានជាតិ

ក្រសួង២ រៀបចំសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហអធិបតីជាមួយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) ក្នុងកម្មវិធីសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំអង្គភាព នៃក្រសួងមហាផ្ទៃ ដែលមានតួនាទី ចាប់ពីប្រធាននាយកដ្ឋានឡើង និងមន្ត្រីជំនាញបច្ចេកទេសដទៃ ទៀតជាច្រើនរូប។

សិក្ខាសាលាតាមបណ្តាក្រសួង ស្ថាប័ន ដែលចាប់ផ្តើមចេញពីក្រសួងមហាផ្ទៃ នាព្រឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារ ដែលក្រុមការងារបច្ចេកទេស អន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋម នៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នា កាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការ ជួយបំពេញគ្នា ការរៀបចំយន្តការ ដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។

គួររម្លឹកផងដែរថា ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារ ក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេចគោលនយោបាយ កែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) មានភារកិច្ចជាអ្នកជួយ សម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រ ទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានា តាមការចាំបាច់ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

To Top