កំពង់ធំ÷ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងក្រុមការងារ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កម្លាំងក្រុមកីឡាករ អុំទូកខ្នាតអន្តរជាតិឈ្មោះ យុវជនតេជោ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ដើម្បីដំណើរការហ្វឹកហាត់ ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-15_10-27-36-768x1024.jpg)
លោក រស់ សារាំ បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ យើងបន្តឈានឆ្ពោះ ទៅរកការអភិវឌ្ឍរីកចម្រើ នបន្ថែមទៀតលើគ្រប់វិស័យ ។ ពិធីបុណ្យអុំទូក ជាប្រពៃណីទំនៀម ទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខ សន្តិភាព។ សូមកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួម ប្រកួតអបអរសារទរ ក្នុងការប្រណាំងទូក នៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ ។
ជាមួយគ្នានេះផងដែរ កីឡាករទូកទាំង២២នាក់ បានថ្លែងអំណរ គុណចំពោះលោក និងក្រុមការងារ ដែលបានជួយគាំទ្រ ដល់ក្រុមកីឡាករទូក បានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីអបអរសាទរ បុណ្យអុំទូកអកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២៤នេះ ឱ្យទទួលបានជោគជ័យផងដែរ។
បញ្ជាក់ផងដែរថា លោក រស់ សារាំ បានដឹកនាំក្រុមការងារ នៃស្ថាប័នអយ្យការអមសាលា ដំបូងខេត្តកំពង់ធំ ផ្តល់ជូនក្រុមកីឡាករ ទូកអុំបុរសចំនួន០១ទូកឈ្មោះ យុវជនតេជោ រួមមាន÷ អង្ករ០២បេ មីកញ្ចប់០៥កេស ទឹកសុទ្ធ២០កេស ទឹកក្រូច០៥កេស ស្រាបៀ០៥កេស ទឹកត្រី០៣យួរ
ទឹកស៊ីអ៊ីវ០៣យួរ ខ្លាញ់ ០៥លីត្រ ស្ករស០៥គីឡូក្រាម
និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល)ផងដែរ ៕ ដោយសំនៀង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)