ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ យុទ្ធនាការការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នឹងត្រូវបានចាក់ជូនដល់សត្វសុខនដោយមិនគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង។
សម្រាប់យុទ្ធនាការនេះ ក្រុមចាក់វ៉ាក់សាំងមានប្រហែលជា៣០០ក្រុម នឹងទៅដល់តាមសហគមន៍ពីផ្ទះមួយទៅផ្ទះមួយ ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជីវិតមនុស្ស និងសត្វរបស់អ្នកពីជំងឺឆ្កែឆ្កួត។
យុទ្ធនាការនេះក៏ត្រូវបានបញ្ចូល ជាមួយផែនការ នៃយុទ្ធសាស្ត្រថ្នាក់ជាតិ សម្រាប់ការគ្រប់គ្រង និងលុបបំបាត់ជំងឺឆ្កែឆ្កួត នៅកម្ពុជា ដែលត្រូវដឹកនាំដោយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការបេសកកម្ម ជំងឺឆ្កែឆ្កួត ដែលជាគម្រោងរបស់អង្គការសប្បុរសធម៌ផ្តល់សេវាបសុពេទ្យអន្តរជាតិ និងអង្គការសង្ក្រោះសត្វនៅកម្ពុជា។
ការចម្លងដោយសុខនខាំគឺ ជាមូលហេតុចម្បង នៃការ ស្លាប់ដោយសារជំងឺឆ្កែឆ្កួតចំពោះមនុស្ស ដែលនេះត្រូវបានគេប៉ាន់ ប្រមាណថា មានមនុស្សប្រហែល ៣០០ ០០០នាក់ត្រូវបានសុខនខាំជារៀងរាល់ឆ្នាំនៅកម្ពុជា។
កម្មវិធីការចាក់វ៉ាក់សាំងការពារជំងឺ ឆ្កែឆ្កួតដល់សត្វសុខន ត្រូវបានគេបញ្ជាក់ថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលជំងឺនេះបណ្តាលឲ្យមនុស្ស ស្លាប់នៅពេលមានរោគសញ្ញាចាប់ផ្តើមវិវត្តន៍។
លោកបណ្ឌិត តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) លើកទឹកចិត្តដល់ម្ចាស់សត្វសុខនទាំងអស់ នាំយកសត្វរបស់ខ្លួនចូលរួមក្នុងការចាក់វ៉ាក់សាំងនេះ។
លោកថា “អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានធ្វើការជាមួយ អង្គការបេសកកម្មជំងឺ ឆ្កែឆ្កួតលើគម្រោងដ៏សំខាន់មួយនេះ ។ ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត គឺជាវិធីសាស្ត្រដ៏ មានប្រសិទ្ធភាពបំផុតដើម្បីកា រពារអាយុជីវិតមនុស្សនិងសត្វ ហើយយើងប្តេជ្ញាថា នឹងបន្តការងាររបស់ យើងឆ្ពោះទៅរកប្រទេសដែលគ្មានជំងឺឆ្កែឆ្កួតនៅកម្ពុជា។ យើងស្នើឲ្យម្ចាស់សត្វសុខនទាំងអស់ ធ្វើកិច្ចសហការជាមួយគម្រោងនេះ និងទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់សត្វសុខនរបស់ពួកគេ”។
វេជ្ជបណ្ឌិត Amy Nicole Lewis អ្នកគ្រប់គ្រងគម្រោងអន្តរជាតិ នៅអង្គការផ្តល់សេវាបសុពេទ្យអន្តជាតិ បានប្រាប់ថា “ជំងឺឆ្កែឆ្កួតបង្កការឈឺចាប់យ៉ាង ខ្លាំងសម្រាប់មនុស្សនិងសត្វ។ ទោះជាយ៉ាងនេះក្តី ក៏វានៅតែអាចការពារបាន ១០០ភាគរយផងដែរ ។ ដើម្បីសម្រេចបាននូវការកាត់ផ្តាច់ជំងឺនេះ នៅក្នុងហ្វូងសត្វសុខន និងបញ្ឈប់ជំងឺនេះ ពីដំណើរការរបស់វា យ៉ាងហោចណាស់ យើងត្រូវចាក់វ៉ាក់សាំងឲ្យសត្វសុខន ឲ្យបាន៧០ភាគរយនៃសត្វសុខនទាំងអស់”។
សូមបញ្ជាក់ថា យុទ្ធនាការឆ្នាំ២០២៤នេះ បានបន្តពីគម្រោងកាលឆ្នាំ២០២៣ដែលកាលពីឆ្នាំទៅសត្វសុខន ចំនួន៧៤ ៩៨៣ក្បាលត្រូវបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលយុទ្ធនាការត្រឹមតែរយៈពេល១០ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល ដែលធ្វើឲ្យមានការប្រសើរឡើងយ៉ាងខ្លាំង នៅក្នុងការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅកម្ពុជា៕