ព័ត៌មានជាតិ

ពិធីប្រណាំងទូក នៅខេត្តបាត់ដំបង នឹងចាប់ផ្ដើមនៅរសៀលនេះ សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ឱ្យបានច្រើនកុះករ

បាត់ដំបង ៖ ពិធីប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង នឹងចាប់ផ្ដើមពីរសៀលនេះតទៅហើយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ។

តាមរយៈកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក សុខ លូ អភិបាលខេត្តបាត់ដំបង អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តសប្បាយ ក្នុងពិធីបុណ្យអុំទូក ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ។

លោក សុខ លូ បង្ហាញការកត់សម្គាល់ថា មិនទាន់ដល់ថ្ងៃអុំទូកផង មានបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករមកដើរកំសាន្ត យ៉ាងសប្បាយរីករាយ ដែលនេះហើយជាផ្លែផ្កា នៃសុខសន្តិភាពបន្សល់ទុក ដោយសម្តេចតេជោ ហ៊ុន សែនហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានខិតខំ ថែរក្សានូវសុខសន្តិភាពនេះ បានយ៉ាងល្អប្រសើរ ។

លោក សុខ លូ ថ្លែងបន្ថែមថា ការរៀបចំពិធីបុណ្យអុំទូកនេះពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនរដ្ឋបាលខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលសេដ្ឋកិច្ចដល់បងប្អូនអ្នកខេត្តបាត់ដំបង។

លោកអភិបាលខេត្ត បញ្ជាក់បន្ថែមថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះ មានលក្ខណៈ ប្លែកនិងទាក់ទាញ ជាងឆ្នាំមុនៗតាំងពីការតុបតែងលម្អភ្លើង ពណ៌តាមទីសាធារណៈ ជាពិសេសការរៀបចំ តាំងបង្ហាញប្រទីបខ្នាតធំចំនួន៧នៅ តាមបណ្ដោយដងស្ទឹងសង្កែ ។

លោក សុខ លូ ថ្លែងបន្តថា កងកម្លាំង និងក្រុមគ្រូពេទ្យបានត្រៀមលក្ខណៈគ្រប់ពេលវេលាដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងជួយសង្រ្គោះពលរដ្ឋដែលមានបញ្ហាសុខភាពអំឡុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃនេះ។

លោកអភិបាលខេត្ត បានរំលេចបន្ថែមថា ការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះ ក៏ដើម្បីជ្រើសរើសយកទូក ដែលមានល្បឿនលឿន ដើម្បីបន្តទៅចូលរួមប្រណាំងថ្នាក់ជាតិ នៅរាជធានីភ្នំពេញផងដែរ ។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ ដោយមានទូកចូលរួមប្រណាំង សរុបចំនួន៤២ទូក ។ នៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម ។ ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីប យកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែង នូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អ ផូរផង់បម្រើដល់ វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ។ រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរ ពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕

To Top