ព័ត៌មានជាតិ

ក្រសួង ណែនាំម្ចាស់អាជីវកម្ម កំពង់ចម្លង ប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាទូកចម្លង ដឹកអ្នកដំណើរគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក នាពេលថ្មីៗនេះ បានឱ្យដឹងថា បច្ចុប្បន្ននេះស្ថានភាព អាកាសធាតុ នៅតាមបណ្តារខេត្តមួយចំនួនកំពុងបន្តមានភ្លៀងធ្លាក់ខ្លាំង នាំឱ្យកម្ពស់ទឹកជំនន់នៅមានកម្រិតខ្ពស់ បូករួមចរន្តទឹកនៅមានល្បឿនលំហូរខ្លាំង ដែលអាចជាកត្តាបង្កឱ្យមាន គ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ក្នុងអំឡុងពេលធ្វើដំណើរតាមនាវា-ទូកចម្លង ដឹកអ្នកដំណើរគ្រប់ប្រភេទ ជាពិសេសទូកដែលប្រើ សម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារ។

បន្ថែមពីនេះ អគ្គនាយកដ្ឋាន សង្កេតឃើញថា កន្លងមកមានទូក ដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈ ចំនួនពុំបានអនុវត្តតាមការណែនាំ របស់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ស្តីពីបញ្ហាអាកាសធាតុ និង សុវត្ថិភាពនាវាចរណ៍នៅឡើយ។

អគ្គនាយកដ្ឋាន គូសបញ្ជាក់ថា «ដូច្នេះដើម្បីពង្រឹងរក្សា សុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ បង្គារ និងទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង អគ្គនាយកដ្ឋាន សូមអំពាវនាវដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវា-ទូកចម្លង ដឹកអ្នកដំណើរគ្រប់ប្រភេទបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានការព្យាករណ៍លើស្ថានភាព អាកាសធាតុនៅមុនពេលចេញដំណើរ ត្រូវគោរពវិធានការណែនាំរបស់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន»៕

To Top