ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបពិភាក្សាជាមួយ តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃ១៤ តុលា បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស់ តំណាងអង្គការ សុខភាពពិភាពលោក ប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការការងារ ក្នុងវិស័យសុខាភិបាល ក៏ដូចជាការងារ ក្រសួង សុខាភិបាល ត្រូវត្រៀមរៀបចំ សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំលើក ទី៧៥ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២១-២៥ តុលា នៅរដ្ឋធានីម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន។

ក្នុងជំនួបសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងអំណរគុណ ដល់អង្គការសុខភាពពិភពលោក ដែលបាននិងកំពុងចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។ សាស្ត្រា ចារ្យរដ្ឋមន្ត្រី និងលោកស្រីតំណាងអង្គការ សុខាភាពពិភពលោកប្រចាំកម្ពុជា បានពិភាក្សាលម្អិតលើរបៀបវារៈនៃកិច្ចប្រជុំ ព្រមទាំងប្រធានបទទាំងឡាយ នៃកិច្ចប្រជុំ ដែលភាគីក្រសួងសុខាភិបាលកម្ពុជា ត្រូវចូលរួមធ្វើបទអន្តរាគមន៍ ជាពិសេសរបៀបវារៈ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគ្រោងនឹងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាព ទាំងក្នុងតំបន់ និងជាសកល។

ចុងបញ្ចប់សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសាមគ្គីភាព លើភាពរឹងមាំ នៃកិច្ចសហប្រតិបត្តិការ គឺជាកត្តាគន្លឹះដែលនាំឲ្យសម្រេច បានគោលដៅអភិវឌ្ឍន៍ និងស្នើសុំក្រុមការងារ ក្រសួងសុខាភិបាល និងក្រុមការងារអង្គការសុខភាព ពិភពលោកប្រចាំនៅកម្ពុជា មានការជួបប្រជុំឲ្យបានទៀងទាត់ និងសហការគ្នាយ៉ាងជិតស្និទ ៕

To Top