កំពង់ធំ ៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធពិធីបួងសួង លោកតាឥ និងលោកតាក្រហមក ដើម្បីសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរួមទាំង ក្រុមកីឡាករចំណុះទូកទាំងអស់ ក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ អោយមានដំណើរការ ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ ។
ក្នុងឱកាសនៃការប្រារព្ធពិធីអុំទូក ក្នុងខេត្តកំពង់ធំ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ ដាក់នៅផលិតផលផ្សេងៗ ជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាស នៃពិធីបុណ្យអុំទូកនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្ត ការប្រណាំងទូក ឱ្យបានច្រើនកុះករដើម្បីញ៉ាំង បរិយាកាសពិធីនេះ ឱ្យសប្បាយរីករាយផងដែរ៕
ដោយសំនៀង