ព័ត៌មានជាតិ

លោក សុខ ពេញវុធ ឱ្យបង្ក្រាបទីតាំងហាងកាហ្វេ បង្កប់ល្បែងស៊ីសង មួយកន្លែងភ្លាមៗ ក្រោយពលរដ្ឋសំណូមពរ

ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានឱ្យអធិការង និងអភិបាលខណ្ឌ ធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែល​បង្កប់ល្បែងស៊ីសងអនឡាញ ក្រោយប្រជាពលរដ្ឋសំណូមពរផ្ទាល់មាត់ ឱ្យជួយដោះស្រាយ ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានប្រជាពលដ្ឋ៣រូប បានលើកឡើង នូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ ក្នុងចំណោម៣រូបនេះ មានបញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបានលោក សុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និង មួយចំនួន លោកអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែលមិនអាចដោះស្រាយ បានត្រឹមថ្នាក់មូលដ្ឋាន តួយ៉ាងសំណូមពរជួយដោះស្រាយ លើការកែប្រែ ឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿន ការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធ ប្រថាប់ត្រាជាដើម ។

ដោយឡែក ជុំវិញបញ្ហា ដែលអាចដោះស្រាយបានភ្លាមៗ ដូចករណី ពលរដ្ឋលើកឡើងពីការព្រួយបារម្ភ លើសុវត្ថិភាពរបស់ខ្លួន ដោយសារតែមានហាង កាហ្វេបង្កប់ល្បែងស៊ីសងអនឡាញ ដែលប្រមូលផ្តុំដោយអ្នក ប្រើប្រាស់គ្រឿងញៀន និងជនមិនមានទីលំនៅច្បាស់លាស់នោះ, លោក សុខ ពេញវុធ បានដាក់បទបញ្ជា ទៅកាន់​លោកអធិការង លោកអភិបាលខណ្ឌថា “ត្រូវធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងនេះ ព្រោះនេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហានេះ” ។

លោកអភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា “ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ទាំងស្រុង នៅមូលដ្ឋានរាជធានីភ្នំពេញ ចឹងពាក់ព័ន្ធបញ្ហានេះ សូមឱ្យពិនិត្យឡើងវិញ” ។

នៅក្នុងវេទិកានេះដែរ លោក សុខ ពេញវុធ ក៏បានលើកឡើងដែរថា “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃនេះ បានបង្កប់អត្ថន័យចំនួន២ ទី១គឺការដោះស្រាយ និងទី២ ការពិគ្រោះយោបល់ ។ យើងទាំងអស់គ្នា បានរកឃើញ នូវបញ្ហាសំខាន់ៗ ជាអទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិចារណាកែលម្អ ដើម្បីលើកកម្ពស់ជីវរភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននីមួយៗ ក្នុងក្របខណ្ឌសង្កាត់ទាំង១១ នៃខណ្ឌដូចពេញញ” ។

ក្នុងឱកាសនេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ អញ្ជើញលើកឡើង នូវបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ដោយកុំខ្លាចខុស ឬក៏ត្រូវ ដើម្បីអាចឱ្យ រដ្ឋបាលរាជធានីភ្នំពេញ អាចពិនិត្យនិងដោះស្រាយជូន តាមដែលអាចធ្វើទៅបាន ។

លោកក ម៉ប់ សារិន មានប្រសាសាន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅធ្វើការបូកសរុប ហើយនិងចាត់ការក្នុងការដោះស្រាយបញ្ហានីមួយៗ ដោយយើងអាចដោះស្រាយ អ្វីដែលយើងមានលទ្ធភាពត្រូវធ្វើភ្លាម គឺធ្វើភ្លាម” ។

ក្នុងនោះប្រធានក្រុមប្រឹក្សា បានលើកឡើងបន្ថែមថា វេទិកានេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ​រវាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ជាមួយនឹងប្រជាពលរដ្ឋ ជាមួយតំណាងសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាសប្តូរបទពិសោធន៍ ​ក៏ដូចជាផ្តល់កិច្ចប្រឹក្សាអំពីបញ្ហាអទិភាព សម្រាប់អភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធិភាព និងបរិយាបន្ន៕

To Top