ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាអនុប្រធានប្រចាំការគ.វ.រ. និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្តើមបង្ហាញឆន្ទៈបំពេញឱ្យគ្នា ទៅវិញទៅមក ដើម្បីអនុវត្តវិធានការ គន្លឹះលើការដ្ឋានកែទម្រង់រៀងៗខ្លួន តាមរយៈការធ្វើសិក្ខាសាលារួមគ្នា ។
ការចាប់ផ្តើមនេះ បន្ទាប់ពីក្រសួងមុខងារសាធារណៈ ក្នុងតួនាទីជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះ នៃការកែទម្រង់ រដ្ឋបាលសាធារណៈផង និង ក្នុងនាមជាលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការ កែទម្រង់រដ្ឋបាល សាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានចុះតាមបណ្តាក្រសួងស្ថាប័ន ចំនួន៩។
ក្រសួងស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ សិក្ខាសាលា បានរៀបចំវេទិកាពិភាក្សា សំណួរ ចម្លើយ ដើម្បីទទួលបានការចូលរួមមតិយោបល់ ក៏ដូចជាឆ្លើយតបរាល់មន្ទិលនានា ដោយទទួលបានការចូលរួមសួរសំណួរ និងការចែករំលែកមតិយោបល់យ៉ាងផុលផុស ។
ក្នុងមតិបូកសរុប សិក្ខាសាលា លោក ស សុខា បានបង្ហាញពីឆន្ទៈគាំទ្រ យ៉ាងពេញទំហឹង ជាមួយក្រសួងមុខ ងារសាធារណៈ ព្រមទាំងសង្ឃឹម យ៉ាងមោះមុតថា តាម រយៈបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងអង្គសិក្ខាសាលានេះ នឹងទទួលបាននូវបទពិសោធន៍ និងស្វែងយល់កាន់តែស៊ីជម្រៅ បន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ។
ទន្ទឹមនេះ លោក ហ៊ុន ម៉ានី បានថ្លែងក្នុងប្រសាសន៍បិទ សិក្ខាសាលាថា ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តសហការការងារបំពេញបន្ថែមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធិស្នាល ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងជាពិសេសលើការចូលរួមសហការលើការដ្ឋាន កែទម្រង់រដ្ឋបាលសាធារណៈ និងការដ្ឋានការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពជោគជ័យ នៃការវិភាគមុខងារក្រសួង ស្ថាប័ន នឹងក្លាយទៅជាមូលដ្ឋាន ដ៏សំខាន់នៃការពង្រឹងភាពធន និង ភាពច្បាស់លាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ឱ្យបានជោគជ័យឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ការវិភាគមុខងារជាជំហានដ៏សំខាន់ ដើម្បីគាំទ្រដល់ការអនុវត្តការងារ របស់ក្រសួង ស្ថាប័ន ឱ្យមានសុពលភាព និងជាចំណែកក្នុងការដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដែលក្រសួង ស្ថាប័ន បាន និងកំពុងជួបប្រទះកន្លងមក ។
សូមជម្រាបថា នាថ្ងៃស្អែកទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នឹងបន្តសហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័នចំនួន២ គឺ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ៕