ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋលេខាធិការក៏បានធ្វើការក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។
លោករដ្ឋលេខាធិការបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញនិងជៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជារៀងរាល់សប្តាហ៍ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងនៅលើបណ្តាញសង្គម និងនៅតាមរោងចក្រ សហគ្រាស ក៏ដូចជានៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយផ្ទាល់តែម្តង។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ជម្រើសការងារក្រៅស្រុក និងក្នុងស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ទី១ ប្រាក់ឈ្នួលសមរម្យបើធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួននាពេលបច្ចុប្បន្ន, ទី២ កន្លែងការងារនៅក្បែរផ្ទះ, និងទី៣ ការចំណាយទាបដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន។
ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងប្រសិនបើរកឃើញថាមានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
លោករដ្ឋលេខាធិការបន្ថែមថា ជុំវិញព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ បងប្អូនអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬ ទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦។
គូសបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែងរៀងរាល់សប្តាហ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋមានបំណងធ្វើការងារក្នុងវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។ នៅក្នុងសប្តាហ៌នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានប្រកាសឱកាសការងាររហូតដល់ទៅចំនួន ៥៣ ៥៥២ កន្លែង សម្រាប់អ្នកដែលកំពុងស្វែងរកការងារ។
សូមបងប្អូន យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕