ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានណែនាំឱ្យបញ្ឈប់សកម្មភាព នៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ីនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី១៦ តុលា នេះ ថា កន្លងមក ក.ប.ទ. បានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស ដោយបែងចែកជា ៥ តំបន់។
តាមរយៈបេសកកម្មនេះ ក្រុមការងារ បានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការ និងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។
ជុំវិញបញ្ហាទាំងនេះ ន.ទ.ក. នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីល្មើសច្បាប់នេះ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការពង្រឹងគុណភាពសេវាអ៊ីនធឺណិត ការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពនិងស្របច្បាប់ ព្រមទាំងធានានូវតម្លៃសមស្របជូនដល់អ្នកប្រើប្រាស់៕
សាធារណជនដែលមានព័ត៌មានអំពីសកម្មភាពដូចខាងលើ សូមជួយផ្តល់ព័ត៌មានមក ន.ទ.ក. តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh។ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន។
អាស្រ័យហេតុនេះ សូម ប្រតិបត្តិករទូរគមនាគមន៍និងសាធារណជនទាំងអស់ ជ្រាបនិងចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។