ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានបញ្ជាក់ជាថ្មីថា ចំពោះមន្ដ្រីនគរបាលរូប ណាមានក្បាលពោះធំ គឺហាមមិនឲ្យចេញទៅបំពេញ ការងារនៅខាងក្រៅ តាមទីសាធារណៈ ចុះបង្ក្រាប ជាដើម ប៉ុន្ដែត្រូវបំពេញការងារ នៅក្នុងការិយាល័យវិញ។

នេះបើតាមសារបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ពាក់ព័ន្ធនឹងករណី មន្រ្តីកងកម្លាំងនគរបាល ដែលមានក្បាល ពោះធំ ផ្ញើជូនស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ប្រមុខក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «ខ្ញុំ សូមរំលឹកសារជាថ្មី ស្នើសុំធ្វើយ៉ាងម៉េច នគរបាលដែលគាត់មានមាឌធំ ដុសក្បាលពោះ គឺមិនមែន មិនឲ្យធ្វើការ នោះទេ ឲ្យធ្វើការ ប៉ុន្ដែធ្វើការនៅប្រូ ហាមដាច់ខាត កុំឲ្យគាត់ចេញ ទៅអនុវត្តកិច្ចការងារ ជាពិសេសទៅលើការ ប៉ះពាល់ជាមួយមហាជន ជាពិសេសខាងក្រៅនេះ ដូច្នេះសូមអនុវត្ត កិច្ចការងារនេះ ឲ្យម៉ឺងម៉ាត់»។
តាម ប្រមុខក្រសួងមហាផ្ទៃ បើមន្ដ្រីនរគបាលទាំងនោះ ចង់ចេញបំពេញការងារនៅខាងក្រៅ ចុះបង្រ្កាប ប្រតិបត្តិការនានា ត្រូវសម្រកក្បាលពោះជាមុនសិន ៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									