ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៧ នៅប្រទេសឡាវ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៧នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៤បានឲ្យដឹងថា តបតាមការ អញ្ជើញជាផ្លូវការរបស់ លោកស្រី សាយសំភួន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ (AIPA45) សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៧ ក្រោម មូលបទ “តួនាទីសភាក្នុងការពង្រឹង ការគេភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN” ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដើម្បីពង្រឹងការទូតសភា និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិក្នុងតំបន់ ក្នុងគោលបំណងពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាព រួមនិង ការអភិវឌ្ឍប្រកបដោយចីរភាព។

មហាសន្និបាតអន្តរសភា អាស៊ាន លើកទី៤ន ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់ និងការរីកចម្រើន ប្រកបដោយបរិយាបន្នរបស់អាស៊ាន” មានគោលបំណងបង្កើត នូវវេទិកាសភាពិភាក្សា ផ្លាស់ប្តូរបទពិសោធនិង ឧត្តមានុភាពសភា នៅក្នុងការជំរុញ សមាហរណកម្មតំបន់ និង ការតភ្ជាប់ ។ កិច្ចប្រជុំ នឹងពិភាក្សាបន្ថែមទៀត អំពីតួនាទី របស់សសភា ក្នុងដំណើរ ការកសាងសហគមន៍អាស៊ាន និងការសេរម្រេចបាននូវ គោលដៅលស់ខ្លួន ជាពិសេសឆ្លុះបញ្ចាំង ពីកោររបំណងស្នូល នៃចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ ។

ក្នុងអំឡុងពេល នៃមហាសន្និបាត សម្តេចរដ្ឋសភាធិការធិបតី និងសមាជិកគណៈប្រតិភូ នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមួយ ចំនួន ជាអាទិ៍៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំសមាជិក សភាស្ត្រីអាយជា កិច្ចប្រជុំពេញអង្គ, កិច្ចប្រជុំសមាជិក សភាវ័យក្មេងអាយប៉ា, កិច្ចប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំ គណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការ សង្គមកិច្ច, កិច្ចប្រជុំគណៈកម្មាធិការរៀបចំ, កិច្ចប្រជុំ គណៈកម្មាធិការព្រាង សេចក្តីសម្រេច, កិច្ចពិភាក្សាជាមួយសភា សង្កេតការណ៍អោយប៉ាចំនួន២៣ប្រទេស និងកិច្ចពិភាក្សា រវាងអគ្គលេខាធិការអោយប៉ា និងអាស៊ានជាដើម។

នៅក្នុងឱកាសនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី នឹង អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងវេទិកា អ្នកដឹកនាំ នយោបាយ ស្ត្រីវាយជា (WAIPA) ក្រោមប្រធានបទ ពង្រឹងការចូលរួម និង ភាពជាអ្នកដឹកនាំ របស់ស្ត្រី ៖ ប្រែក្លាយការប្រឈម ទៅជាឱកាសឆ្ពោះទៅអនាគត ប្រកបដោយបរិយាបន្ន សម្រាប់ទាំងអស់គ្នា និងផ្តល់បទអន្តរាគមន៍នៅ ក្នុងសម័យប្រជុំពេញ អង្គលើកទី១ នៃមហាសន្និបាត អន្តរសភាអាស៊ានលើកទី ៤៥ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹង ការតភ្ជាប់នឹង កំណើនប្រកប ដោយបរិយាបន្នរបស់អាស៊ាន និងគ្រោងជួបពិភាក្សាការងារ ត្រីភាគីក្នុងពេលទទួល ទានអាហារពេលព្រឹក ជាមួយប្រធាន រដ្ឋសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម និយមវៀតណាម និង ជំនួបទ្វេភាគី ជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រថៃ ព្រមទាំងចូលរួម នៅក្នុងកម្មវិធីនានា ដែលបានរៀបចំជូន ដោយភាគីម្ចាស់ផ្ទះ ៕

To Top