ភ្នំពេញ៖ លោក គួច ចំរើន អភិបាល ខេត្តកណ្តាល នៅ ថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤នេះ បានណែនាំក្រុមកីឡាករ ចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួល បានជោគជ័យល្អប្រសើរ ។ នេះបើយោង តាមរដ្ឋបាល ខេត្កកណ្ដាល។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_12-38-44-1024x682.jpg)
ការបានណែនាំចំពោះចំណុះទូក ដូច្នេះ ក្នុងពេលលោក អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករ ចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។
លោក គួច ចំរើន បានកោតសរសើរ ចំពោះក្រុមកីឡាករ ចំណុះទូកទាំងអស់ ដែលបានចូលរួម បានញ៉ាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_12-38-49-1024x682.jpg)
លោក គួច ចំរើន បន្តថា ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សា នូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរស យើងមានតាំងពីយូរយា មកហើយ។
លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា «ការប្រឡងប្រណាំង មានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងត្រូវបង្កើន សមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋានរបស់ខ្លួន ឲ្យល្អបានប្រសើរបំផុត»។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-17_12-38-53-1024x682.jpg)
គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។
ជាមួយគ្នានោះលោកអភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំងផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)