ភ្នំពេញ៖ លោក ឈី ឈឹងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអះអាងថា ភាគីចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹង ទៅលើមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិ សុខសន្តិភាព និងវិបុលភាព របស់ប្រជាជាតិទាំងមូល។
ការអះអាងនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ លោក ឈី ឈឹងសាន ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ។
ក្នុងជំនួបនេះ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន លោក ឈី ឈឹងសាន (QU Qingshan) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថា ជាការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ចិន រវាងបក្សកុម្មុយនីស្តចិននិងគណបក្សប្រជាជនកម្ពុជា ពិសេសរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។
លោកបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ របស់សម្តេច កម្ពុជាអាចសម្រេចបាននូវការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភាពដែកថែប ដែលយើងគួរសហការ និងអនុវត្តបន្ថែមលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលសម្តេចតេជោ និង លោក ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញ ដើម្បីជាផែនទីចក្ខុវិស័យ ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។
លោក ឈី ឈឹងសាន បានលើកឡើងថា ថ្វីត្បិតនេះជាដំណើរទស្សនកិច្ចលើកទីមួយ របស់លោកពិតមែន ប៉ុន្តែលោកបានឃើញផ្ទាល់ភ្នែក នូវការរីកចម្រើនក្រោមការដឹកនាំ របស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី គឺរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សេរីភាព និងការអភិវឌ្ឍលើគ្រគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយ លោកបង្ហាញក្ដីសង្ឃឹមថា កម្ពុជានឹងបន្តការរីកចម្រើនថែមទៀត នៅពេលនាអនាគត។
លោក ឈី ឈឹងសាន មានប្រសាសន៍ថា លោក ស៊ី ជីនពីង បានចាត់បញ្ជូនលោកឱ្យដឹកនាំគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាជាកង្វល់រួមនិងជាប្រយោជន៍រួមរវាងបក្សនិងរដ្ឋ។ គោលចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជម្រាបនិងចែករំលែក ពីសេចក្តីសម្រេចនិងសមិទ្ធផល នៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ដែលផ្តោតសំខាន់លើការដាក់ចេញនូវគោលដៅ និងយន្តការកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងទំនើបកម្មតាមបែបចិន។
លោក ឈី ឈឹងសានបានកោតសរសើរ សម្តេច ចំពោះការចូលរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាដៃគូដ៏គួរឱ្យទុកចិត្ត។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះលោក ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេច ទៅ លោក ស៊ី ជីនពីង វិញផង។
សម្តេច ក៏បានអបអរសាទរចំពោះកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី២០ និងការធ្វើទំនើបកម្មរបស់ចិន ហើយសម្តេចក៏បានបន្តថា គ្មានការសង្ស័យឡើយ ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិននិងលោក ស៊ី ជីនពីង ចំពោះការរីកចម្រើនឥតឈប់ឈររបស់ប្រទេសចិន។
សម្ដេចតេជោក៏បានបន្ថែមថាផងដែរថា គ្មានការសង្ស័យទេ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន និងលោកអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង ប្រទេសចិន នៅតែជាប្រទេសដែលរឹងមាំ ហើយមិនមែនសម្រាប់តែចិនខ្លួនឯងនោះទេ តែក៏សម្រាប់តំបន់ទាំងមូលផងដែរ។
សម្តេច មានប្រសាសន៍ថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងល្អ ជាប្រវត្តិសាស្ត្រ តាំងពីសម័យចេនឡា បន្តមកដល់សម័យបច្ចុប្បន្ន ហើយកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយ ដែលមានរួចមកហើយ និងចាំបាច់បន្តពង្រឹងភាពជាដៃគូ គ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍វាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចបានសង្កត់ធ្ងន់ថា ជំនួយរបស់មិត្តចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាព របស់កម្ពុជាផងដែរ ដែលតម្រូវឱ្យយើងមានភាពចាំបាច់ ក្នុងការជំរុញមិត្តភាពមួយនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអរគុណមិត្តចិន ដែលបានផ្តល់ជាកញ្ចប់ជំនួយដល់កម្ពុជា ក្នុងជំនួបទ្វេភាគី រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី លី ឈាង នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ នៅប្រទេសឡាវនាពេលថ្មីៗនេះ។ សម្តេច ក៏បានលើកឡើងពីអត្ថប្រយោជន៍ យ៉ាងសំខាន់ ចំពោះទំនាក់ទំនង អាស៊ាន-ចិន ហើយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ចិន គួរតែត្រូវបានជំរុញបន្ថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យលោកប្រធានគណៈប្រតិភូ ពាំនាំនូវការផ្ដាំផ្ញើសួរទុក្ខ និងការនឹករលឹក ជូនចំពោះលោកអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយសង្ឃឹមថានឹងបានជួប លោក ស៊ី ជីនពីង នាពេលខាងមុខនេះ៕