ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ថ្កោលទោសចំពោះហ្វេសប៊ុក Dara Khan ផ្សាយមួលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួង ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារ សម្តេចតេជោ និងសម្តេចធិបតី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជនក្រុមប្រឆាំងនីរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមូលបង្កាច់ថា «ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារ សម្តេចតេជោ និងសម្តេចធិបតី»។

ក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំ ក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងមហាផ្ទៃ អតីតថ្នាក់ដឹកនាំ និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបច្ចុប្បន្ន តែងតែចងចាំ និងតម្កល់យ៉ាងខ្ពស់នូវគុណូបការៈរបស់សម្តេចតេជោ និងក្រុមគ្រួសារសម្តេច ដែលស្ទើរពេញមួយជីវិតរបស់ លោកបានលះបង់គ្រប់យ៉ាងសូម្បីតែជីវិត ដើម្បីប្រទេសជាតិ និងប្រជាជន។

សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវវិធានការក្តៅគគុកប្រឆាំងគ្រឿងញៀន រហូតបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមកដល់បច្ចុប្បន្ន សម្តេចធិបតី ក្នុងនាមនាយករដ្ឋមន្ត្រី បានបន្តពង្រឹងយន្តការចាស់ ដាក់ចេញយុទ្ធសាស្ត្រថ្មី ដោយបានចាត់តាំងឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធាន។

ក្នុងនោះ ក្រសួងមហាផ្ទៃ មាន លោកអភិសន្តិបណ្ឌិត ស សុខា ជាអនុប្រធានផងដែរ ដែលលោកតែងតែមានមោទកភាព និងក្តីស្ញប់ស្ញែងក្រៃលែងចំពោះសុច្ឆន្ទៈ និងសកម្មភាពដឹកនាំបញ្ជាប្រកបដោយ ភាពស្វាហាប់ម៉ឺងម៉ាត់អង់អាចច្បាស់លាស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បានយ៉ាងមានប្រសិទ្ធភាព ពោលគឺមិនដូចការប្រឌិតមួលបង្កាច់របស់គណនី Dara Khan ដោយឥតអៀនខ្មាសនោះឡើយ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ខ្លឹមសារមួលបង្កាច់ញុះញង់អុចអាល របស់ជននីរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើស ដែលតុលាការអាចចាត់នីតិវិធីបាន។ លើសពីនេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវ កំណត់សាវតាជាតិជននេះ បញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ផងដែរ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ បានអំពាវនាវសាធារណជន កុំជឿ កុំយល់ច្រឡំ និងកុំចែករំលែកបន្តនូវការផ្សព្វផ្សាយ ខ្លឹមសារមួលបង្កាច់ភូតកុហុកអុចអាល គ្មានប្រយោជន៍ទាំងឡាយដូចករណីនេះជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិន្នាការ នៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ក្រុមនិងបុគ្គលអគតិមួយចំនួន និងរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៕

To Top