ព័ត៌មានជាតិ

ជប៉ុន ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ ជាមួយកម្ពុជា សម្រាប់វិស័យសកម្មភាពមីន

ភ្នំពេញ៖ លោក Yoshifumi Tsuge អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ពីការប្តេជ្ញា របស់រដ្ឋាភិបាលជប៉ុន ក្នុងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ ជាមួយប្រទេសកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ។

ការបញ្ជាក់របស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ធ្វើឡើងក្នុងជំនួបជាមួយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឡូសាន ប្រទេសស្វីស ។

ក្នុងឱកាសនៃជំនួបនោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក កសាងសុខសន្តិភាពនៅប្រទេសកម្ពុជា និងបានក្លាយជាដៃគូសម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ចំពោះការគាំទ្រ ជាបន្តបន្ទាប់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលការគាំទ្រនេះពិតជាបានរួមចំណែក ក្នុងការសង្រ្គោះអាយុជីវិត និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ បេសកកម្មវិស័យសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានោះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរបស់ប្រទេសជប៉ុន និងរដ្ឋភាគីដទៃទៀត ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅ របស់អនុសញ្ញាអូតាវ៉ា និងកិច្ចខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យនៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនង និងមិត្តភាពយូរអង្វែងរបស់ប្រទេសជប៉ុន ជាមួយកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជា ដែលបានក្លាយអ្នកដឹកនាំប្រកបដោយ ជំនាញសម្រាប់វិស័យសកម្មភាពមីន ក៏ដូចជាទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ។ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ ជាមួយប្រទេសកម្ពុជាសម្រាប់វិស័យសកម្មភាពមីន ផងដែរ ៕

To Top