បន្ទាយមានជ័យ: យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ផន រចនា ភេទស្រី ឣាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ កោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ធ្វើឱ្យខូចខាត ដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ សឿម សុវណ្ណ ភេទប្រុស ឣាយុ៤៣ឆ្នាំ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន កងរាជក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានបណ្ដឹង របស់ជនរងគ្រោះលោកបានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យព្រមទាំង ដកវត្ថុតាងរួមមាន៖ ដាវដងរុំក្រណាត់ពណ៌ខ្មៅ ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម, ជំពាមកៅស៊ូ ចំនួន០១ និងគ្រាប់ដីឥដ្ឋ ចំនួន១៧គ្រាប់, និងទូរសព្ទដៃចំនួន០២គ្រឿង រួចនាំមកមូលដ្ឋាន កងរាជឣាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រូបខ្លួនបានដើរទៅផ្ទះជនរងគ្រោះ ឈ្មោះ ផន រចនា ស្រាប់តែឃើញឈ្មោះ ញៀន សាវនី ហៅក្រច ភេទប្រុស កំពុងដេកក្នុងឣង្រឹង ពេលនោះខ្លួនបានស្រែកសួរថា ឣាណាគេដេកក្នុងឣង្រឹង ពេលនោះឈ្មោះ ញៀន សាវនី ឆ្លើយថា ឣញ ។ បន្ទាប់មកខ្លួនបានរើសដុំថ្ម០២ដុំ កាន់ទុកការពារខ្លួន ហើយដើរចូលទៅ ផ្ទះឈ្មោះ ផន រចនា រួចយកទូរសព្ទឈ្មោះ ផន រចនា ហើយដើរត្រឡប់មកផ្ទះ ខ្លួនវិញដោយយកទូរសព្ទឈ្មោះ ផន រចនា មកដំបំបែកចោល ហើយស្រែកគំរាមកំហែងនឹងសម្លាប់ឈ្មោះ ផន រចនា នោះពិតប្រាកដដូចក្នុង បណ្ដឹងរបស់ជន រងគ្រោះមែន។
ដោយផ្អែកលើបណ្ដឹង និងចម្លើយសារភាព របស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកង រាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូន មកបញ្ជាដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា មុនបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្ម កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕