ភ្នំពេញ៖ សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និងលោក ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល ។
ការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រធានរដ្ឋសភាទាំង៣ប្រទេសនេះ ធ្វើឡើងនាថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងជំនួបទទួលទាន អាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព ក្នុងឱកាសអញ្ជើញ ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងជាមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មាន តម្លៃនិងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនទាំងបី និង ក្នុងតំបន់។ ថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទាំងបីបានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។
កិច្ចសហប្រតិបត្តិការប្រទេសទាំងបីមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ឡាវនិងវៀតណាមប៉ុណ្ណោះទេ តែជាការសំខាន់នៅ ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការលើកកម្ពស់ពហុនិយម នៅក្នុងបរិបទសកល លោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក៏បានជជែកគ្នាពីការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងបី លើបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆំាង បទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួល ទំនិញឆ្លងកាត់ព្រំដែន នៃប្រទេសទាំងបីឱ្យបានកាន់តែល្អឡើងថែមទៀត។ ដោយឡែកក្នុងវិស័យ ទេសចរណ៍ ក៏បានប្តេជ្ញាថា នឹងជំរុញអនុវត្ដបន្ថែមទៀតនូវ “ប្រទេសបី គោលដៅមួយ” ដើម្បីជួយសម្រួលដល់ អ្នកទេសចរអាចធ្វើ ទេសចរណ៍ជាកញ្ចប់ រវាងទាំងបីប្រទេស បានកាន់តែងាយស្រួល ។
សម្តេចប្រធានរដ្ឋសភា បានជូនពរឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវរៀបចំនាពេលនេះ ទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់ នាំមកនូវផលប្រយោជន៍ជូនជាតិនិងប្រជាជនប្រទេសទាំងបី ក៏ដូចជាអាស៊ាននិងពិភពលោកទំាងមូល។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងបី សង្ឃឹមថានឹងមានជំនួបអាហារពេលព្រឹកត្រីភាគីបន្តពេលក្រោយទៀត ។ ជំនួបអាហារពេលព្រឹកក្រៅផ្លូវការ និងមិត្តភាពនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល ភាតរភាព ការគោរពនិងការយល់គ្នាទៅវិញទៅមក ៕