ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយក៏ជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១៦ តុលា។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ដូច្នេះចងចាំថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។
លោកថា តាមរយៈសកម្មភាពនេះ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា ដែលជាប្រធានបទមួយសម្រាប់ទាំងអស់គ្នា និងមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាម គ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុង ត្រូវការឈាមនៅតាមមន្ទីរពេទ្យ។
ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្តុះ អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។
នាឱកាសនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួន ២០២រូប ដែលក្នុងនោះរួមមាន៖ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣រូប ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន ៣រូប និងមេដាយការងារថ្នាក់សំរិទ្ធ ចំនួន១៩៦រូប ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត៕