ព័ត៌មានជាតិ

ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ ចូលជួបសម្ដែងការគួរសម ខណៈប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។

លោកសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ លោក មានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។

សម្ដេចបវរធិបតី បានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

To Top