ព័ត៌មានជាតិ

ទូតអូស្ត្រាលីថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហការ​ ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លា

រូបភាព៖ សម្តេចធិបតី

ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព​​ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក Derek Yip ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា​ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ។

នៅចំពោះមុខសម្តេចធិបតី, លោកឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត និងបង្ហាញការគាំទ្រ ដល់ប្រទេសកម្ពុជា ដែលនឹងចាកចេញ ពីចំណាត់ថ្នាក់ក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ។

ជាមួយគ្នានេះ ដែរលោកទូតថ្មី ក៏បានសម្តែងការគាំទ្រ ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទរ លោកអគ្គរាជទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែក ក្នុងការស្វែងសន្ដិភាព នាពេលកន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតី និងលោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាល ផងដែរ ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសន្ទនា និងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មាន លើប្រធានបទដែលមានសារៈសំខាន់ សម្រាប់ប្រទេសទាំងពីរ៕

To Top