ភ្នំពេញ ៖ លោកស្រី បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិល ត្រឡប់មកសភាព ធម្មតាវិញ គិតត្រឹមម៉ោង ១២៖៤៧នាទីយប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយមិនមានប្រជាពលរដ្ឋ រងគ្រោះបាត់បង់ អាយុជីវិតឡើយ ។
សូមជម្រាបជូនថា នៅល្ងាចថ្ងៃទី១៨ តុលា មានករណីជំនន់ ទឹកភ្លៀងធ្លាក់ពីភ្នំ ធ្វើឱ្យទឹកហូរជន់លិចផ្ទះ ប្រជាពលរដ្ឋជា ច្រើនគ្រួសារ នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមរយៈគេហទំព័រហ្វេសប៊ុក លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា «ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ បានស្រកអស់វិលត្រឡប់ មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារ នឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់ សម្ភារប្រើប្រាស់ស្បោងអាហារ នៅព្រឹកថ្ងៃទី១៩»។
លោកស្រី អភិបាលខេត្ត ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ម៉ូតូ បានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូ បានហូរតាមទឹក សូមអញ្ជើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យ ប្រគល់ជូនវិញ ចាប់ពីព្រឹកថ្ងៃទី១៩ (បញ្ជាក់ ម៉ូតូ ក្រុមការងារ សង្គ្រោះរក្សា ទុកជូនមានចំនួន ៣៤គ្រឿង) នៅបាត់ម៉ូតូមួយចំនួន និងម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុង ស្វែងរកបន្តទៀត ។
លោកស្រី អភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា «សូមពុកម៉ែបងប្អូនទទួលបាន សុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារ កងកម្លាំងប្រចាំការ នៅជាមួយបងប្អូន ២៤ម៉ោង រហូតដល់សភាពការណ៍ ល្អប្រសើរធម្មតាវិញ។ ច្រកទ្វារអន្តរជាតិព្រំ បានបើកដំណើរការជាធម្មតា បន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយៈពេល ៥ម៉ោង នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤»។
លោកស្រី អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះកងកម្លាំងគណៈបញ្ជាការឯកភាពទាំងបី កម្លាំងយុវជន កម្លាំងមូលដ្ធានទាំងអស់ បានចូលរួមយ៉ាងសកម្ម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកស្រី អភិបាលខេត្ត ក៏បានថ្លែងអំណរ គុណចំពោះក្រុមការងារច្រកទ្វារភាគីថៃ បានសហការសម្របសម្រួល បើកច្រកទ្វារព្រំដែន ដើម្បីជួយឱ្យ អ្នកធ្វើដំណើរ និងរថយន្តដឹកទំនិញ ឆ្លងគ្មានកំណត់ពេលវេលា ដើម្បីជៀស វាងការខកស្ទះចរាចរណ៍ ។ ក្រុមការងារ បានជួយសង្គ្រោះប្រជាពលរដ្ឋ ទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋ រងគ្រោះបាត់បង់អាយុជីវិតឡើយ៕