ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តពង្រឹង កិច្ចការពារសន្តិសុខ ព្រមទាំងស៊ើបអង្កេត ស្រាវជ្រាវបង្ការទប់ស្កាត់ ការប៉ុនប៉ងលួចលាក់រក្សាទុក ឬនាំសម្ភារហាមឃាត់ ចូលក្នុងពន្ធនាគារ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-09-42-1024x682.jpg)
ការលើកឡើងរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រធានមណ្ឌលអប់រំកែប្រែទី១ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១។
លោកអគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-09-47-1-1024x682.jpg)
១. ត្រូវយកចិត្តទុកដាក់ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវអនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់របស់ លោក ស សុខា គឺធ្វើការបោសសម្អាតភាព អសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការ ម៉ឺងម៉ាត់ ដាច់ខាត ចំពោះមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធនឹងសកម្មភាពល្មើស។
២. ពាក់ព័ន្ធព័ត៌មានដែលបានចុះផ្សាយ តាមបណ្តាញព័ត៌មានសង្គម ត្រូវសហការស្រាវជ្រាវ រកឬសគល់ នៃបញ្ហាធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន និងមានចំណាត់ការ ឱ្យបានម៉ឺងម៉ាត់បំផុត។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-09-51-1024x682.jpg)
៣. ពង្រឹងការគ្រប់គ្រងមន្ត្រី ការអនុវត្តមុខងារតួនាទីភារកិច្ច ត្រូវមានភាពស្មោះត្រង់ចំពោះ វិជ្ជាជីវៈរបស់ខ្លួន រក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។
៤. បន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ប្រសិទ្ធភាពត្រួតពិនិត្យ ឆែកឆេរ ស៊ើបអង្កេត ស្រាវជ្រាវបង្ការទប់ស្កាត់ការប៉ុនប៉ង លួចលាក់រក្សាទុក ឬនាំសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-09-54-1024x682.jpg)
៥. ពង្រឹងការគោរពអនុវត្តន៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាននានា ដែលបម្រើដល់ការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ។
៦. ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលនឹងជិតដល់ពេល ត្រូវចូលនិវត្តន៍ ឬស្ថិត ក្នុងអន្តរកាល នៃការផ្លាស់ប្តូរភារកិច្ច មិនត្រូវមានភាពអសកម្ម ឬបណ្តែតបណ្តោយ ឬធ្វេសប្រហែស ក្នុងការងារដឹកនាំគ្រប់គ្រង អង្គភាពឡើយ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-09-58-1024x682.jpg)
៨. លោក-លោកស្រី អគ្គនាយករង ត្រូវបន្តពង្រឹងការងារតាមការបែងចែកភារកិច្ច និងការទទួលខុសត្រូវ និងចុះត្រួតពិនិត្យ ពង្រឹងការងារតាមគោលដៅដែលបានប្រគល់ជូន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-10-02-1024x682.jpg)
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌល អប់រំកែប្រែទី១ថ្មី បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងមណ្ឌលអប់រំកែប្រែទីមួយ ជាមណ្ឌលកែប្រែពិតប្រាកដមួយ និងលើកកម្ពស់ក្នុងការគ្រប់គ្រង ដឹកនាំការងារប្រចាំថ្ងៃទាំងវិន័យ និងក្រមសីលធម៌របស់មន្ត្រីឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង ត្រូវបានបន្ថែមមុខតំណែងជា ប្រធានមណ្ឌលអប់រំកែប្រែទី១៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-10-05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)